សេចក្តីដកស្រង់ប្រសាសន៍ សង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់វត្តទឹកថ្លា
ថ្ងៃទី ១០ ខែមីនា ខួបមរណភាពរបស់ម្ដាយ និងថ្ងៃទី ១២ ខែកក្កដា ខួបមរណភាពរបស់ឪពុក ដំបូង អនុញ្ញាតអោយខ្ញុំបានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំ ម្ចាស់រោងចក្រ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលថ្ងៃនេះ បានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំនូវទីកន្លែងនេះ ហើយក៏បានផ្ដល់ឱកាសឲ្យខ្ញុំបានចូលដុតធូប ដើម្បីគោរពទៅដល់មាតាបិតារបស់ខ្ញុំ ដែលកំពុងស្ថិតនៅក្នុងវត្តនៅទីនេះ។ ពិតមែនតែពួកគាត់ជាខ្មែរសុទ្ធ ក៏ប៉ុន្តែគាត់បានផ្ដាំផ្ញើថា កុំដុតគាត់។ ដូច្នេះ នៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះ នឹងដល់ខួបទី ២០ នៃមរណភាពរបស់ម្ដាយខ្ញុំ។ បន្ទាប់ទៅ ដល់ថ្ងៃទី ១២ ខែកក្កដា នឹងដល់ខួបឪពុករបស់ខ្ញុំ ដែល(បញ្ចុះ)នៅទីនេះ។ ថ្លែងនូវការអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ និងស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីការដុតធូបហើយ យើងក៏បានមកជួបជុំគ្នានៅទីនេះ ហើយយកទីកន្លែងសក្តិសមមួយ ហើយដែលបណ្ដារោងចក្រទាំង ១៥ ដែលក្នុងនោះ មកពីខណ្ឌសែនសុខផង ខណ្ឌមានជ័យផង និងខណ្ឌពោធិសែនជ័យផង សម្រាប់ការធ្វើដំណើរមកទីនេះ។ ពិតណាស់ថា…