សេចក្តីដកស្រង់សង្កថា, ពិធីចាក់បេតុងមុខតំណចុងក្រោយ ស្ពានកោះធំ ស្រុកកោះធំ ខេត្តកណ្តាល
លោកជំទាវ ប៊ូ ជៀនហ្គោ អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចាក់បេតុងភ្ជាប់តំណស្ពានមិត្តភាពកម្ពុជា-ចិន នៅកោះធំ ដែលមានប្រវែង ៤១៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ នៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រើយខាងលិច។ អម្បាញ់មិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ដូចជាលោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើរបាយការណ៍ជូនរួចហើយ និងផ្តល់សារសំខាន់អំពីបញ្ហាទាក់ទងនឹងស្ពាននេះ។ ខ្ញុំនៅចាំបានថា ពិធីបើកការដ្ឋានគឺបានធ្វើតាំងពីថ្ងៃ ២៥ ខែ មីនា ឆ្នាំ ២០០៨ ហើយការសាងសង់ក៏បានចាប់ផ្តើមមួយរយៈកាលមកនេះ។ សង្ឃឹមថា ឆ្នាំនេះ ស្ពាននេះនឹងត្រូវបានតភ្ជាប់ដើម្បីបង្កើតនូវស្ថានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ស្ពាន ថ្នល់ កាត់បន្ថយការលំបាក ភាពក្រីក្រប្រជាពលរដ្ឋ ខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះអ្នករត់ទូកដទាំងឡាយ សូមមេត្តាអភ័យទោស…