FN ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបិទបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ។ សន្និបាតនេះបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានបើកឡើងដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។
ខាងក្រោមនេះជាប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំ រួមគ្នាក្នុងការដោះស្រាយបញ្ហារបស់ជាតិ និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម គេចផុតពីមហិច្ឆតាប៉ុនប៉ងបង្កភាពចលាចលពី ជនអគតិមួយចំនួន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មានគ្រឿងញៀនប្រមាណ១៩៤គីឡូក្រាមត្រូវបានដកហូត ខណៈជនល្មើសជាង ១ម៉ឺននាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា កំណើនអ្នកទោសបានកើនឡើង យ៉ាងច្រើន ធ្វើឲ្យពន្ធនាគារនៅតាមបណ្តារាជធានីខេត្តប្រឈមការកកណែនដោយអ្នកទោស ខណៈដែលជនញៀនថ្នាំ ក៏កើតមានច្រើននាំឲ្យមានបញ្ហា ប្រឈមខ្វះមណ្ឌលបន្សាបគ្រឿងញៀន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបង្កបរិយាកាសល្អនៅក្នុងសង្គម ក៏ដូចជាការបោះឆ្នោតនៅខែមិថុនា ខាងមុខត្រូវបន្តរួមសហការគ្នា ធ្វើការងារសំខាន់ៗចំនួន៣រួមមាន៖ ១. បន្តរក្សាឲ្យបានដាច់ខាតនូវសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ២. បន្តជំរុញការអភិវឌ្ឍន៍ឲ្យបាន ខ្លាំងក្លាថែមទៀត ក្នុងនោះរួមមានការធ្វើកំណែទម្រង់ប្រព័ន្ធវិមជ្ឈិការ និងសហវិមជ្ឈិការ ៣.បង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈកិច្ចគាំពារសង្គម និងការដោះស្រាយបញ្ហាសំខាន់របស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា មិនត្រូវអនុញ្ញាតឲ្យជនណាម្នាក់ ឬក្រុមភេរវកម្មមកបំផ្លិចបំផ្លាញសន្តិសុខ សន្តិភាពប្រទេសកម្ពុជាបានឡើយ បូករួមទាំងជនបរទេសដែលរស់នៅជ្រកក្រោមហេតុផលសិទ្ធិមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យធ្វើសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនឲ្យកាន់តែខ្លាំងក្លា ហើយត្រូវផ្សព្វផ្សាយឲ្យបានខ្ពស់ ទៅស្រទាប់មហាជន។ ជាពិសេសត្រូវសហការជាមួយប្រទេសជាមិត្ត ដើម្បីគាស់រំលើងមេខ្លោងជួញដូរគ្រឿងញៀន។
* សម្តេចតេជោ ហ៊ុន សែន ថា យុទ្ធនាការបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងមួយរយៈពេលនេះ បានធ្វើឲ្យសកម្មភាពចោរកម្មលួចប្លន់ បានថយចុះផងដែរ។ តែសម្តេចថា ការពឹងផ្អែកតែលើកងកម្លាំង និងប្រព័ន្ធតុលាការមួយមុខមិនអាចដោះស្រាយបានទាំងស្រុងនោះទេ គឺត្រូវទាមទារឲ្យ មានការចូលរួមពីក្រុមគ្រួសារ។ ប្រសិនបើអាណាព្យាបាលខិតខំចូលរួមក្នុងការអប់រំណែនាំ និងបន្សាបគ្រឿងញៀនឲ្យកូនៗ គឺជាចំណុចជោគជ័យមួយ ដែលមិនអាចរំលងបាន។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងជនបរទេសនៅក្នុងប្រទេស ហើយត្រូវត្រួតពិនិត្យ និងគ្រប់គ្រងតាមព្រំដែនឲ្យបានត្រឹមត្រូវ ដើម្បីទប់លំហូរជនបរទេសមកកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់កងកម្លាំងកម្ពុជា ដែលបានប្រឹងប្រែងក្នុងការបង្រ្កាបគ្រឿងញៀនតាមព្រលានយន្តហោះ នាពេលកន្លងមក។ សម្តេចតេជោ ក៏មានការងឿងឆ្ងល់ផងដែរ ចំពោះការចរាចរណ៍គ្រឿងញៀនពីតំបន់អាមេរិកឡាទិន តែហេតុអ្វីប្រទេសដទៃ ចាប់មិនបាន បែរជាចាប់បាននៅក្នុងប្រទេសកម្ពុជាទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានឯកភាពឲ្យរក្សាទុកភ្លុកដំរី និងកុយរមាស ដែលចាប់បាននាពេលកន្លងមក ដើម្បីទុកតាំងបង្ហាញ ហើយមិនត្រូវបំផ្លាញ ចោលតាមសំណើរបស់អាជ្ញាធរអាមេរិកនោះឡើយ។ សម្តេចតេជោថា អាមេរិកគ្មានឥទ្ធិពលក្នុងការបញ្ជារដ្ឋបាលកម្ពុជានោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រកាសអនុញ្ញាតឲ្យប្រទេសដទៃមកខ្ចីភ្លុកដំរី ឬកុយសត្វរមាសទាំងអស់នោះយកទៅតាំងពិព័រណ៍ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកទៅដល់ថ្នាក់ដឹកនាំតាមបណ្តាខេត្តឲ្យពិនិត្យមើលនៅតាមផ្សារនានា ក្លាចក្រែងមានជនខិលខូចនៅបន្តយកភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង ដែលរាជរដ្ឋាភិបាលធ្លាប់លុបនាពេលកន្លងមក ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យរដ្ឋមន្រ្តីតាមក្រសួងនានា ត្រូវប្រឹងប្រែងទម្លាក់ការងារទៅថ្នាក់ក្រោមជាតិ មិនត្រូវទុកនៅថ្នាក់ជាតិទេ បើបន្តធ្វើបែបនេះទៀត ធ្វើការងារមិនចេញនោះទេ។ ពាក់ព័ន្ធការងារថ្នាក់ក្រោមជាតិនេះ សម្តេចនាយករដ្ឋមន្រ្តី បានស្នើសម្តេចក្រឡាហោម ស ខេង សហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច ត្រូវបែងចែកការងារជាផ្នែកៗ។ ពោលវិស័យការងារ ដែលមានប្រភេទដូចគ្នា ត្រូវដាក់បញ្ចូលគ្នា ដើម្បីមានមន្រ្តីធ្វើការងារ ហើយត្រូវរុញថវិកាទៅតាមថ្នាក់ស្រុក។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរួមគ្នាគាំទ្រធ្វើឲ្យបរិយាកាស នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែមិថុនា ឆ្នាំ២០១៧ខាងមុខ ឲ្យបានប្រព្រឹត្តទៅក្នុងបរិយាល្អប្រសើរ និងជោគជ័យ ដើម្បីធានាដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក្តាប់បាននូវស្ថានការណ៍របស់គណបក្សនយោបាយមួយចំនួន កំពុងមានជម្លោះក្នុងជ្រើសលេខរៀងនៅ តាមឃុំ-សង្កាត់ ដែលអាចឈានដល់ការធ្វើយុទ្ធនាការទម្លាក់ស្លាកគណបក្ស។ សម្តេចតេជោ បានថ្លែងបង្ការទៀតថា នៅពេលមានយុទ្ធនាការ ទម្លាក់ស្លាកនេះ ទៅលើអាជ្ញាធរ ឬរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយសារបង្ហាញដល់ប្រជាពលរដ្ឋ កុំឲ្យមាន ការភ័ន្តច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារបស់រដ្ឋ។ ប្រមុខរាជរដ្ឋាភិបាលថា សម្តេចមិនទោមនស្ស ឬ ប្រឆាំងជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនោះទេ ព្រោះវាបានចូលរួមចំណែកលើកកម្ពស់ជីវភាព តាមការផ្តល់ទុនរកស៊ីសម្រាប់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់មីក្រូហិរញ្ញវត្ថុ ដែលបានផ្លាស់ប្តូរនិមិត្តសញ្ញា (Logo) របស់ខ្លួន ហើយត្រូវបន្តពន្យល់ដល់ ប្រជាពលរដ្ឋពេលមកខ្ចីប្រាក់ កុំឲ្យមានការភ័ន្តច្រឡំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថា ជារបស់រដ្ឋតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យពិនិត្យឲ្យបានច្បាស់លាស់មុនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្ចី។ ត្រូវមើលថា តើពលរដ្ឋខ្ចីយកទៅធ្វើអី ហើយមានលទ្ធភាពសងមកវិញដែរឬទេ?
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបក្សនយោបាយក្រៅរដ្ឋាភិបាលឲ្យបញ្ឈប់បន្តការឃោសនាថា ពេលឈ្នះឆ្នោត នឹងលុបបំណុលរបស់ប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្រ្តី បានណែនាំឲ្យសមត្ថកិច្ចឃាត់ខ្លួនចំពោះការឃោសនាបំពានច្បាប់បែបនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់អាណត្តិលក់ដូរនៅតាមផ្សារ បក្សប្រឆាំងរកស៊ីលែងបានហើយ បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសារាចរណ៍ឲ្យក្រុមអាជីវករអាចលក់ដូរ ផ្ទេរសិទ្ធិ ហើយគ្រប់គ្រងពេញមួយជីវិត។
* មុនបញ្ចប់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា ក្នុងឋានៈជារាជរដ្ឋាភិបាលត្រូវធានាឲ្យបាននូវបរិយាកាសល្អប្រសើរ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។