អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សោកស្តាយចំពោះការផ្តើមបង្កើតច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា
FN ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្តែងការសោកស្តាយ ចំពោះការរៀបចំសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយតំណាងរាស្រ្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោកជឿជាក់ថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ ការលើកឡើងរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ត្រូវបាន លោក Alan Lowenthal តំណាងរាស្រ្តអាមេរិក អះអាងនៅថ្ងៃទី២៩ ខែកញ្ញា នេះថា ត្រូវបានរដ្ឋសភាអាមេរិកអនុម័ត ប៉ុន្តែលោកមិនបានបង្ហាញបន្ថែមឡើយថា សេចក្តីស្នើច្បាប់នេះនឹងទៅដល់ដៃព្រឹទ្ធសភា និងប្រធានាធិបតីអាមេរិកនៅពេលណានោះទេ។ សម្រាប់ លោក ផៃ ស៊ីផាន, នេះជាព័ត៌មានគួរឱ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» ឬ «H.R 4686» ផ្ដោតលើការទាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលជាការចោទប្រកាន់យ៉ាងអយុត្តិធម៌…