សុន្ទរកថានិងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជា
សម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី ថ្នាក់ដឹកនាំ និងក្មួយៗសមាជិក/ជិកាកាយរឹទិ្ធជាតិកម្ពុជា! ក្នុងនាមរាជរដ្ឋាភិបាល និងជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជា ខ្ញុំមានសេចក្តីរីករាយ និងសូមចូលរួមអបអរសាទរ កាយរឹទិ្ធជាតិកម្ពុជា ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ នៃមហាសន្និបាតកាយរឹទិ្ធជាតិកម្ពុជា ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ។ ខ្ញុំសូមស្វាគមន៍វត្តមានលោក/ស្រីតំណាងអង្គការពិភពលោក នៃចលនាកាយរឹទិ្ធ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក/ស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងជំរុញចលនា កាយរឹទិ្ធជាតិកម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា ដោយបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល និងមានភក្តីភាពជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិ។ ខ្ញុំសូមឧទ្ទិសសមិទ្ធផលនេះជូន សម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងកាយរឹទ្ធាចារ្យ ដែលបានខិតខំ និងលះបង់កម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជារយៈពេលកន្លងមក។ ខ្ញុំចាំបានថា ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ ខ្ញុំបានជួបពិភាក្សាជាមួយ លោក គីម គូយ៉ុង អតីតនាយកការិយាល័យ អង្គការពិភពលោក នៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរៀបចំចលនាកាយរឹទិ្ធជាតិកម្ពុជា។ ចាប់ពីពេលនោះមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកយ៉ាងសំខាន់ រហូតរៀបចំបាននូវមហាន្និបាតលើកទី ១ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០០៦ និងបានដឹកនាំចលនានេះរហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោក នៃចលនាកាយរឹទិ្ធ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] ខ្ញុំគួរតែបញ្ជាក់ចំណុចនេះបន្តិច។ យើងគួរតែបញ្ចៀសឱ្យបាននូវសង្គ្រាម…