សម្តេចតេជោ៖ មន្ត្រីជញ្ជីងត្រូវបើកភ្នែកមើល អ្វីបំផ្លាញស្ពាន/ថ្នល់ និងសុវត្ថិភាពសាធារណៈ
ដោយសង្កេតឃើញថា គ្រោះថ្នាក់បង្កឡើងដោយរថយន្តតូចធំ រថយន្តសណ្តោងដឹកទំនិញលើសកំណត់ ដូចជាករណីដឹកកាត់ស្ពានអ្នកលឿង(ទ្សឹបាស្សា) បានបណ្តាលឲ្យខូចខាតស្ពាន រហូតមានបានករណីរថយន្តដឹកដីខ្នាតធំបុកម៉ូតូយុវសិស្ស បណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតផង, ក្នុងសារតាមហ្វេសប៊ុកព្រឹកថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០១៦, ក្រៅពីបញ្ជាក់ថា ទម្ងន់បែបនេះអាចនឹងកំទេចស្ពាន បើបណ្តោយអោយឆ្លងកាត់រាល់ថ្ងៃ ដោយអាជ្ញាធរ និងសមត្ថកិច្ចប្រាកដជាបានឃើញពេលរថយន្តខ្នាតយក្សដឹកសណ្តោងលើសកំណត់តោន ជាពិសេសសមត្ថកិច្ចដែលយាមនៅគល់ស្ពាន សម្តេចតេជោ ហ៊ុន សែន បានព្រមានទាំងអ្នកបើកបរ ទាំងក្រុមហ៊ុន ថា សម្តេចនឹងមិនឲ្យជនល្មើសណា ដែលបង្កការខូចខាតដល់ស្ពានថ្នល់ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋហើយរត់គេចមិនទទួលខុសត្រូវ បានរួចខ្លួនតទៅទៀតឡើយ។ ស្របនឹងបានចេញបញ្ជាឲ្យក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតទៅលើជនទាំងនោះ សម្តេចតេជោ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ក្រុមហ៊ុនដឹកអ្នកដំណើរ និងក្រុមហ៊ុនដឹកទំនិញ ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំដឹកលើសទម្ងន់ ចៀសវាងគ្រោះថ្នាក់ ធានាបានសុវត្ថិភាពខ្ពស់ និងការថែរក្សាគុណភាពស្ពានថ្នល់បានយូរអង្វែង។ «ក្រុមមន្រ្តីជញ្ជីងត្រូវបើកភ្នែកមើលអោយឃើញ អ្វីដែលកំពុងបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ ព្រោះត្រូវទទួលទោសដូចគ្នា» សម្តេចបញ្ជាក់៕