សុន្ទរកថាគន្លឹះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី ៩
ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវលោក លោកសី្រ! ជាបឋម ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកដល់ខេត្តសៀមរាបដែលជាទីក្រុងប្រវត្តិសាស្រ្ត និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃភាព សុខដុមរមនា ក្នុងរវាងមនុស្ស ធម្មជាតិ និងវប្បធម៌ ទីកន្លែងដ៏ល្អមួយ សម្រាប់ការពិភាក្សាគ្នា អំពី «សន្តិសុខប្រកបដោយភាពសុខដុម»។ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះក្រសួងការពារជាតិកម្ពុជា សម្រាប់ការខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង។ ខែវិច្ឆិកានេះ គឺជាវេលាដ៏មមាញឹកមួយសម្រាប់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗទាំងឡាយ រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩នេះ។ ក៏ប៉ុន្តែ ការណ៍នេះក៏ជាឱកាស ដ៏ពិសេសមួយសម្រាប់យើងចែករំលែកនូវទស្សនៈ និងយោបល់ ដើម្បីលើកកម្ពស់ការកសាង សហគមន៍អាស៊ាន និងពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក ទាំងមូល។ កិច្ចប្រជុំរបស់យើងត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខ សកល និងបរិស្ថានសេដ្ឋកិច្ច។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ…