គ្មានការបង់ប្រាក់ប្រើប្រាស់ផ្លូវជាតិលេខ៤ ទៀតទេ
រសៀលថ្ងៃទី ១៣ មករា ឆ្នាំ ២០១៦, តាមរយៈហ្វេសប៊ុក, សម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងទៅកាន់ជនរួមជាតិកម្ពុជាអំពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដកយកផ្លូវជាតិលេខ ៤ មកកាន់កាប់ទាំងស្រុងវិញ។ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ដោយពុំចាំបាច់បង់លុយតទៅទៀតទេ។ សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយនៅក្នុងកិច្ចប្រជុំសភាថ្ងៃនេះ ក្នុងនាម ជានាយករដ្ឋមន្រ្តី ខ្ញុំបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង ១២ យប់ ថ្ងៃទី១៣ មករា ២០១៦ នេះតទៅ»។ ព្រមជាមួយនឹងការបញ្ជាក់ថា ការសម្រេចនេះធ្វើឡើង ដើម្បីដោះស្រាយកង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលតែងតែផ្ញើព័ត៌មានពិត និងផ្តល់យោបល់មកកាន់ហ្វេសប៊ុករបស់សម្តេច ហើយក៏បានជម្រុញដល់ប្រជាពលរដ្ឋឲ្យបន្តធ្វើបែបនេះ ដើម្បីរួមគ្នាដោះស្រាយជីវភាពប្រជាជន និង អភិវឌ្ឍសង្គមជាតិយើង ឲ្យកាន់តែប្រសើរឡើងទៀត៕