FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប ចូលគោរពព្រះវិញ្ញាណក្ខន្ធសពសម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស ដែលតម្កល់ធ្វើព្រះរាជពិធីបុណ្យនៅវត្តបុទុមវតី។
សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស បានសោយទិវង្គត ១០៖៤៥នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយព្រះរោគាពាធ នៅព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយក្រសួងពាណិជ្ជកម្ម។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាបុត្រារបស់សម្តេច ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាព្រះបិតុលាបង្កើត (ឪពុកមារ) ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផងដែរ។
សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សា នៃអង្គព្រះមហាក្សត្រ ហើយក៏ធ្លាប់បានធ្វើជាអនុប្រធានទី១ នៃព្រឹទ្ធសភាជាតិនីតិកាលទី១ផងដែរ។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងអំពីការយាងសោយទិវង្គតរបស់សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក្ខការសោយទិវង្គត របស់សម្តេច ជីវ័ន្តមុរីរ័ក្ស គឺជាការបាត់បង់រាជវង្សខ្មែរមួយអង្គ ដែលមានឆន្ទៈ មនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ រហូតអស់មួយព្រះជន្ម ក៏ដូចជាការបង់ព្រះរាជស្វាមី ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌មួយអង្គ៕