សុន្ទរកថា និងការដកស្រង់ប្រសាសន៍សេចក្តីអធិប្បាយ ក្នុងសន្និសីទសារព័ត៌មានស្ដីពី កិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
ឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកសារព័ត៌មានជាទីមេត្រី។ ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស ដោយបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅលើទឹកដីអង្គរដ៏ស្រស់បវរនៃខេត្តសៀមរាបនេះ និងមានការចូលរួមពីឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តមរដ្ឋមន្រ្តី អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងបី។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៩ នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិនិត្យ ពិភាក្សា និងបូកសរុបលទ្ធផល ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ជារួម អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ឧត្តមមន្រ្តី…