សុន្ទរកថា ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨.០៦.១៩៥១-២៨.០៦.២០១៦
សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា ! ថ្ងៃនេះ ជាទិវាដ៏ឧឡារិកគម្រប់ខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាដែលនៅគ្រាដំបូងមានឈ្មោះថា “បក្សប្រជាជនបដិវត្តន៍ខ្មែរ” ដែលមានប្រវត្តិ និង ប្រពៃណីដ៏ថ្លៃថ្លាក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដោយរក្សាខ្ជាប់នូវគោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ លើកំណាត់ផ្លូវដ៏វែងនេះ បន្ទាប់ពីបាន បដិសន្ធិឡើងនាថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ គណបក្សបានដឹកនាំការតស៊ូរំដោះជាតិ ប្រឆាំងការ ឈ្លានពានត្រួតត្រារបស់បរទេសយ៉ាងអង់អាចបំផុត ជាពិសេសការតស៊ូសង្រ្គោះជាតិពីរបប ប្រល័យពូជសាសន៍ប៉ុល ពត…