សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូល CLMV លើកទី ៨ និងកិច្ចប្រជុំកំពូលអេកម៉ិចលើកទី ៧
ឯកឧត្តមថ្នាក់ដឹកនំានៃបណ្តាប្រទេសជាសមាជិកអេកម៉ិក និង CLMV ឯកឧត្តមអគ្គលេខាធិការអាស៊ាន លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិគណៈកម្មាធិការសង្គម និង សេដ្ឋកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ឯកឧត្តម លោកជំទាវ លោក លោកស្រី ខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំង ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអេកម៉ិកលើកទី ៧ កិច្ចប្រជុំកំពូល CLMV លើកទី ៨ នៅទីក្រុងហាណូយដ៏ស្រស់ត្រកាលនាពេលនេះ។ ខ្ញុំសូមសំដែងនូវការសាទរចំពោះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phue) ក្នុងតួនាទីជាប្រធាននៃកិច្ចប្រជុំកំពូលទាំងពីរនេះ ព្រមទាំងសូម អបអរចំពោះការដឹកនាំរបស់ឯកឧត្តមក្នុងការរៀបចំប្រកបដោយជោគជ័យ នូវវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គលើកទី ១ កាលពីម្សិលមិញ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងអំណរគុណ និងកោតសរសើរដោយស្មោះ ជូន ដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាម ចំពោះការរៀបចំកិច្ចប្រជុំដ៏ល្អឥតខ្ចោះ និងបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅសម្រាប់គណៈប្រតិភូយើងទាំងអស់គ្នា។ កិច្ចប្រជុំកំពូល CLMV និង ACMECS នាពេលនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នាបញ្ជាក់សារ ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើរជាប្រពៃណី ជាអ្នកជិតខាងល្អ…