សុន្ទរកថា និងសេចក្តីអធិប្បាយ នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន “កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ”
– ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា – ឯកឧត្តម ឆឹង វៃសាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តជើជាំង សាធារណរដ្ឋប្រជាមានិតចិន – លោក តុង វិនពាវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG – អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគមឧកញ៉ាកម្ពុជា - ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! [ចាប់ផ្តើមអធិប្បាយ] ផ្តល់ទិដ្ឋាការរយៈពេលវែង ៣ ឆ្នាំ សម្រាប់អ្នកវិនិយោគដែលកាន់លិខិតឆ្លងដែនធម្មតា មុននឹងចាប់ផ្តើមនូវខ្លឹមសារ ខ្ញុំគួរតែនិយាយបន្តិចលើបញ្ហាពីរបី។ បញ្ហាទី ១ ប្រហែលជាដំណឹងរីករាយសម្រាប់វិនិយោគិនទាំងអស់របស់ចិន ហើយក៏ពាក់ព័ន្ធជាមួយនឹងអ្នកវិនិយោគិនរបស់កូរ៉េផងដែរ។ កន្លងទៅ កម្ពុជាបានផ្តល់នូវភាពអនុគ្រោះសម្រាប់ទិដ្ឋាការរយៈពេលវែង ដោយចេញចូលច្រើនដងសម្រាប់អ្នកទេសចរចិន និងកូរ៉េរួចស្រេចទៅហើយ។ ថ្ងៃនេះ តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស…