FN ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរតែទទួលបានពានរង្វាន់ណូប៊ែលពិភពលោក ពីព្រោះសម្តេចមានសម្បត្តិធំធែងណាស់ ក្នុងការសង្គ្រោះជីវិតមនុស្ស។ ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើនៅក្នុងពីធីសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។
លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ល្មមដល់ពេលដែលផ្ដល់ឲ្យគាត់ (សម្តេចតេជោ) នូវពានរង្វាន់សន្ដិភាព រឺក៏ពានរង្វាន់លើវិស័យសិទ្ធិមនុស្សជូនគាត់ ក៏ប៉ុន្ដែផ្ទុយទៅវិញ ចំណុច២សំខាន់នេះ ត្រូវបានគេបំផ្លិញ មួលបង្កាច់បង្អាប់ បន្ទុក មនុស្សដែលមានគុណសម្បត្តិស្មើមហាមេឃ»។
លោកបានបន្ថែមថា៖ «សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺជាអ្នកសង្គ្រោះជីវិតមនុស្ស ឲ្យមានជីវិតឡើងវិញ ក្រោយពីរបបប៉ុលពត ហើយការសង្គ្រោះជីវិតនេះ ថ្នាក់ដឹកនាំនៅក្នុងគណបក្សប្រឆាំងក៏ត្រូវទទួលស្គាល់ខ្លួនឯង រស់រានមានជីវិតដោយសារតែ៧មករានេះដែរ»។
លោកបានបន្ថែមទៀតថា ការសង្គ្រោះជីវិតមនុស្សឲ្យរស់រាន់មានជីវិត គឺជាមូលដ្ឋានគ្រឹះ នៃការគាំពារ សិទ្ធិរស់រានមានជីវិត។
លោកបានបញ្ជាក់ថា «យើងត្រូវនិយាយរឿងនឹងឲ្យច្បាស់ ហើយការឯកភាពទឹកដីនេះ មានសារសំខាន់ណាស់ ហើយបង្កើននៃការរីកចម្រើនសិទ្ធិមនុស្សបន្តទៅទៀត ហើយយើងទាំងអស់គ្នាមើលៗ យើងសព្វថ្ងៃនេះ មានការបានជួយផ្ដល់វិបាកអ្វីខ្លះទៀត»៕