សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស/និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបជិត ២ ពាន់នាក់
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ!ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ជាទីស្រឡាញ់!ថ្ងៃនេះ ថ្ងៃចន្ទ ១៥ កើត ខែផល្គុន ត្រូវនឹងថ្ងៃទី ០៦ មីនា (២០២៣) យើងនៅសល់តែ ៦០ ថ្ងៃទៀតទេ កម្ពុជានឹងចាប់ផ្តើមឈានទៅដល់ការបើកស៊ីហ្គេម ដែលជាការរង់ចាំរយៈពេល ៦៤ ឆ្នាំ។ ឥឡូវ យើងនៅរង់ចាំត្រឹមតែ ៦០ ថ្ងៃទៀតប៉ុណ្ណោះ ជាមួយនឹងការខិតខំទាំងឡាយ ដើម្បីធ្វើឱ្យកម្ពុជាក្លាយទៅជាម្ចាស់ផ្ទះ ដែលទទួលភ្ញៀវបានល្អ សូមអបអរសាទរ! (១) វិទ្យាស្ថានខ្មែរជំនាន់ថ្មីរួមចំណែកទប់ស្កាត់មហន្តរាយសុខភាពសាធារណៈ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួម ដើម្បីចែកវិញ្ញាបនបត្រ/សញ្ញាបត្រ សម្រាប់សិស្ស/និស្សិត ជ័យលាភី នៃវិទ្យាស្ថានជំនាន់ថ្មី ចំនួន ១ ៧២៨ នាក់។ អ្វីដែលជាការរីករាយ ដោយឃើញវឌ្ឍនភាព នៃវិទ្យាស្ថាន(ខ្មែរជំនាន់ថ្មី) ទោះបីជាឆ្លងកាត់នូវដំណាក់កាលដ៏លំបាកដោយសារកូវីដ-១៩ (កាលពី)ឆ្នាំ ២០២១ (ដែល)វាបានវាយលុកធ្ងន់ធ្ងរ សម្រាប់យើង ក៏ប៉ុន្តែជាទូទៅផ្នែកវិស័យអប់រំរបស់យើង បើទោះបីជាបានផ្លាស់ប្តូររបៀបបង្រៀន/រៀនក៏ដោយ…