ការប្រកួតបាល់ទាត់កម្ពុជា និងថៃ ជាព្រឹត្តិការណ៍ល្អ កម្រមាន
ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៦, ក្នុងឱកាស ឯកឧត្តម Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយល់ស្របចំពោះការលើកឡើងពីសារសំខាន់នៃការប្រកួតបាល់ទាត់លក្ខណៈមិត្តភាព រវាងក្រុម Cambodia All Stars នៃកម្ពុជា ជាមួយក្រុម Burriram United របស់ថៃ ហើយបានចាត់ទុកថា ជាឱកាស និងព្រឹត្តិការណ៍ដ៏ល្អ កម្រមានមួយ នៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ឆ្លើយតបទៅនឹងការផ្តួចផ្តើមគំនិត ចង់ឲ្យមានការប្រកួតបាល់ទាត់រួមគ្នាកម្ពុជា/ថៃ ប្រកួតជាមួយក្រុមបាល់ទាត់នៃប្រទេសដទៃទៀត សម្តេចផ្តល់នូវការយល់ស្រប ហើយប្រគល់តួនាទីឲ្យទៅឧបនាយករដ្ឋមន្រ្តី សុខ អាន ដើម្បីចាត់ចែង និងបានផ្តល់អនុសាសន៍ ណែនាំឲ្យសមាគមមិត្តភាពកម្ពុជា-ថៃ បន្តធ្វើសកម្មភាពឲ្យកាន់តែសកម្មថែមទៀត។ នៅយប់ថ្ងៃ ២៣ មករា ២០១៦ នេះ ក្រោយការប្រកួតបានចប់សព្វគ្រប់ សម្តេចតេជោ បានសម្រេចផ្តល់រង្វាន់លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងកីឡាករទាំង ៣៦ រូប…