សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
វិមានសាមគ្គីភាព,រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម តូ ឡឹម ហើយសម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយស ដោយបង្ហាញនូវការផ្ដល់តម្លៃចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ហើយជាពិសេសនោះ គឺការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី ហើយសម្ដេចតេជោក៏បានឆ្លៀតសរសើរអំពីវឌ្ឍនភាព នៃការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូ ហើយឯកឧត្តមបានចាត់ទុកសម្ដេចតេជោគឺជាមិត្តដ៏ស្និទ្ធស្នាលរបស់វៀតណាម ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នាពេលនេះ ដោយឯកឧត្តមបានបញ្ជាក់ថានេះគឺជាឱកាស សម្រាប់កម្ពុជាបង្ហាញនូវតួនាទីនៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាពរបស់កម្ពុជានៅពេលខាងមុខ។ ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដែលភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា…

