កម្ពុជា កំពុងអភិវឌ្ឍស្ដង់ដារ ឧស្សាហកម្មហាឡាល ដើម្បីប្រជែងក្នុងទីផ្សារពិភពលោក
FN ៖ ខណៈដែលប្រទេសមួយចំនួន នៅអាស៊ាន ដូចជាថៃ ម៉ាឡេស៊ី កំពុងទទួលបានផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ពីឧស្សាហកម្មអាហារហាឡាលនោះ ប្រទេសកម្ពុជាដែលជាប្រទេសមួយសម្បូរទៅដោយ វត្ថុធាតុដើម និងមានគោលនយោបាយអនុគ្រោះដល់ការវិនិយោគ ក៏កំពុងសម្លឹងមើលសក្តានុពលដ៏ធំមហិមានេះដែរ ដោយបាននិងកំពុងអភិវឌ្ឍស្ដង់ដារឧស្សាហកម្មហាឡាលរបស់ខ្លួន និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។ ការមើលឃើញ និងយុទ្ធសាស្រ្តរៀបចំខ្លួនទាំងនេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពី ការបង្កើតស្តង់ដារផលិតផលអាហារហាឡាល និងការចែករំលែកបទពិសោធន៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ នាថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក អូស្មាន់ ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមសម្ដេចនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយភាគីពាក់ព័ន្ធ ដៃគូជាតិ-អន្តរជាតិមួយចំនួន។ លោក ម៉ៅ ថូរ៉ា បានលើកឡើងថា ពាក់ព័ន្ធនឹងអាហារហាឡាលនេះ មានប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ដើម្បីស្វែងរកឱកាសបើកពាណិជ្ជកម្មដ៏ធំមហិមានេះ ក្នុងនោះបានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍអាហារហាឡាល ឲ្យស្របតាមបទបញ្ញាត្តិ និងការអនុវត្តឲ្យស្របតាមស្តង់ដារបច្ចេកទេស ក្នុងការកសាងសេចក្តីទុកចិត្តដល់អតិថិជន ដែលជាអ្នកប្រើប្រាស់ប្រភេទអាហារនេះ នៅទូទាំងពិភពលោក។…