សេចក្តីដកស្រង់ សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកា ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ
ការជួបជុំ បង្ហាញពីការផ្លាស់ប្ដូរឥរិយាបទមន្រ្តីរាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានធ្វើការជួបជុំជាលើកដំបូង ជាមួយនឹងអ្នកពាក់ព័ន្ធទាំងអស់ ស្ដីពីការការពារបរិស្ថាន ឬអាចនិយាយទូលំទូលាយជាងនេះ គឺអ្នកដែលពាក់ព័ន្ធជាមួយនឹងការការពារនូវធនធានធម្មជាតិ។ រយៈពេលកន្លងទៅនេះ យើងហាក់ដូចជាបានស្ថិតនៅឆ្ងាយពីគ្នាបន្តិច ក្នុងពេលដែលយើងមានគោលបំណងរួម តែសកម្មភាពមិនទាន់បានប្រមូលផ្ដុំ ដើម្បីឆ្ពោះទៅរកគោលដៅដែលយើងមានរួមគ្នានោះទេ។ ដូច្នេះ ការជួបជុំថ្ងៃនេះ គឺបង្ហាញពីវឌ្ឍនភាពមួយ និងក៏បង្ហាញពីការផ្លាស់ប្ដូរឥរិយាបទដ៏សំខាន់មួយរបស់មន្រ្តីរាជរដ្ឋាភិបាល។ ខ្ញុំព្រះករុណាខ្ញុំ ចង់យកឱកាសនេះ ជាជំហានដំបូងនេះ ថ្លែងនូវអំណរព្រះគុណ អរគុណជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមការពារធនធានធម្មជាតិ ការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ ពិតមែនតែយើងមិនទាន់បានធ្វើសកម្មភាពរួម ដែលនាំទៅដល់ប្រសិទ្ធិភាពខ្ពស់ជាងមុន ក៏យើងបានខិតខំធ្វើសកម្មភាព ទោះបីដាច់ដោយឡែកពីគ្នា ដើម្បីរួមចំណែកធ្វើអោយយើងរក្សាបាននូវស្ថានភាពមួយដែលនៅស្រោចស្រង់បាន។ ប៉ុន្តែ ការស្រោចស្រង់បានរបស់យើងនេះ បើយើងមិនមានយន្តការទប់ស្កាត់អោយបានហ្មត់ចត់ តាមរយៈនៃការចូលរួមនៃកម្លាំងទាំងអស់នោះទេ ខ្ញុំព្រះករុណាខ្ញុំ យល់ថា យើងនឹងលំបាក។ វាហាក់ដូចជាយើងអង្គុយបក់ផ្សែង យើងមិនបានពន្លត់ភ្លើងនោះទេ។ … យើងត្រូវចាប់សេះដាក់ក្នុងក្រោលនៅមុនពេលដែលសេះចេញផុតពីក្រោល។ កន្លងទៅ សេះបានចេញផុតពីក្រោលមួយចំនួនទៅហើយ។ យើងប្រមូលបានត្រឡប់មកវិញ។ តែបើសិនជាយើងគ្មានយន្តការគ្រប់គ្រាន់ និងការចូលរួមនៃតួអង្គពាក់ព័ន្ធទាំងអស់ទេ ខ្ញុំព្រះករុណាខ្ញុំ ជឿថា វាមិនជាយូរប៉ុន្មានទេ សេះវានឹងទំលាយក្រោលចេញតទៅទៀត។ ការបង្ក្រាបតែមួយ វាមិនគ្រប់ទេ ហើយយន្តការរបស់រដ្ឋក៏មិនគ្រប់គ្រាន់ដែរ។ ការចូលរួមនៃតួអង្គពាក់ព័ន្ធទាំងអស់…