FN ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារជនពិការ ទាំង១,២៨៨គ្រួសារ មក ក្នុងខេត្ដកំពង់ស្ពឺ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានផ្ដល់នូវអនុសាសន៍សំខាន់ៗជាច្រើនចំនុច ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៖
*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវ ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ទូទាំងប្រទេស ឲ្យមានការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទៅខ្ចីប្រាក់ របស់ខ្លួន ដើម្បីប្រើប្រាស់ និងបំពេញភាពខ្វះខាត ក្នុងការប្រកបមុខរបរផ្សេងៗ សូមនៅពេលដែលពួកគាត់យឺតយ៉ាវ ក្នុងការបង់ប្រាក់ សូមកុំរិបអូសដី និង ផ្ទះរបស់ ពន្យាពេលដល់ពួកគាត់ផង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍អំពាវដល់បងប្អូនប្រជាជន ពិសេសយុវជន សូមកុំប៉ះពាល់នូវ គ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ កាប់សម្លាប់ឪពុកម្តាយនិងធ្វើឱ្យបាត់បង់ កិត្តិយសគ្រួសារ នៅក្នុងសង្គម។
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋយើង ជៀសវាងឱ្យបានដាច់ខាត នូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ។ ដោយឡែកចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាពនិង លេបថ្នាំពន្យាជីវិតឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។
* សូមបងប្អូនទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យក្នុងការរស់នៅពិសេស ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ ពិសេសបងប្អូនយើងដែលរស់នៅតាមផ្ទះជួលតែម្ដង
* ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវឲ្យបងប្អូនពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈម របស់យើងទាំងអស់គ្នា។
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយព្យាយាមដោះស្រាយបញ្ហា ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
* អំពាវនាវ ដល់ប្រជាពលរដ្ឋ កុំប្រព្រឹត្តល្បែងស៊ីសង គ្រប់មុខទាំងអស់ ព្រោះវានឹងនាំឲ្យវិនាស។
ប្រជាពលរដ្ឋទាំង ១,២៨៨គ្រួសារ ក្នុងនោះមាន ៦១គ្រួសារ មកពីភូមិចំនួន ៩ នៃឃុំហោងសំណំ, ៤៩០គ្រួសារ មកពីភូមិចំនួន ៨ នៃឃុំរស្មីសាមគ្គី, ២៥០គ្រួសារ មកពីភូមិចំនួន ១៥ នៃឃុំសង្កែសាទប, ២៩១គ្រួសារ មកពីភូមិចំនួន ២៣ នៃឃុំត្រពាំងជោ, និង ១៩៦គ្រួសារ មកពីភូមិចំនួន ១៧ នៃឃុំតាសាល។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គក្រ មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ ១ដប នំបុ័ង ១ដើម និងថវិកា ១មុឺនរៀល។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕