អាជីពជាគ្រូបង្រៀន គឺជាអាជីពដែលទទួលបាននូវការគោរព
FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ លោកបានគោរពដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្ត និងការតស៊ូអត់ធ្មត់គ្រប់យ៉ាងរបស់លោកគ្រូ-អ្នកគ្រូ នៅក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ការកសាងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ព្រមជាមួយនឹង និងកោតសរសើរ ចំពោះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងបានផ្តោតអាទិភាពលើការកកម្ពស់គុណភាពអប់រំនៅរាជធានីភ្នំពេញ ក៏ដូចជាការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ នាពេលកន្លងមក។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា អាជីពជាគ្រូបង្រៀន គឺជាអាជីពដែលទទួលបាននូវការគោរព ពីព្រោះគ្រូបង្រៀនមិនមែនត្រឹមតែជាអ្នកបង្រៀនចំណេះវិជ្ជានីមួយៗនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែគ្រូបង្រៀនក៏ត្រូវបំពេញតួនាទីជាច្រើនទៀត ក្នុងនាមជាឪពុកម្តាយទីពីរ, ជាអ្នកអប់រំសីលធម៌ សតិអារម្មណ៍ និងជាមគ្គុទេ្ទសក៍បង្ហាញផ្លូវជីវិតដល់សិស្សានុសិស្សទាំងអស់គ្រប់រូប ផងដែរ។ ដោយសារតួនាទីពិសេសទាំងអស់នេះ, រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងបានសន្មតថា គ្រូបង្រៀនគឺជាអ្នកបម្រើសេវាសាធារណៈជួរមុខដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បំផុត តាមរយៈការពង្រឹងជីវភាព, សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ។ ដោយសារពលិកម្មរបស់អ្នកជំនាន់មុន ជាពិសេសពលិកម្មដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា យើងបានចាកឆ្ងាយផុតពីស្ថានភាពដ៏លំបាកខ្វះខាតដូចកាលដែលទើបងើបចេញផុតពីរបបប៉ុលពត។…