សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបិទសន្និបាតសុខាភិបាលប្រចាំឆ្នាំ លើកទី ៣៧
ថ្ងៃនេះជាសុន្ទរកថាចុងក្រោយ ប្រហែលជាជិតក្លាយទៅជាបុរសឆ្អឹងដែកស្បែកស្ពាន់ ៤ ថ្ងៃ គឺសុន្ទរកថា ៥ ប្រើអស់សាច់តែម្តង។ ហើយអ្នកណាគេថាខ្ញុំចាស់? ចម្រៀងមួយបទគេថា “គេថាខ្ញុំចាស់ ភាគច្រើន ណាស់មកពីខាងស្រីៗ” ប៉ុន្តែ ការពិតសុខភាពខ្ញុំល្អជាងគ្រូពេទ្យមួយចំនួនផង អាយុស្រករគ្នាហ្នឹង។ បើខ្ញុំ ជាមួយគ្រូពេទ្យ (ធា) គ្រុយ វិញ គឺខ្ញុំវ៉ាដាច់។ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ«សន្និបាតសុខាភិបាលលើកទី ៣៧» ដែល ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់ការជួបជុំគ្នា ប្រចាំឆ្នាំ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព, វាយតម្លៃលទ្ធផលវិស័យសុខាភិបាលក្នុងឆ្នាំ ២០១៥ និងលើក ឡើងនូវបញ្ហាប្រឈមនានាក្នុងវិស័យសុខាភិបាល ដែលថ្នាក់ដឹកនាំនិងមន្ត្រី នៃក្រសួងសុខាភិបាលគ្រប់ ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា រួមទាំងដៃគូអភិវឌ្ឍន៍ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ខ្ពស់ ដើម្បីជា គុណប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិកម្ពុជា។ តាមរយៈរបាយការណ៍ នៃលទ្ធផលសន្និបាតដែល ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើង ខ្ញុំកត់សម្គាល់ឃើញថា ក្នុងឆ្នាំ ២០១៥ កន្លងមកនេះ វិស័យសុខាភិបាលមានវឌ្ឍនភាព ជាច្រើន…