ទូតសហភាពអឺរ៉ុប អះអាងថា សហភាពអឺរ៉ុប នឹងបន្តធ្វើជាដៃគូសម្រាប់ការអភិវឌ្ឍនៅកម្ពុជា
FN ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកស្រី កាមែន ម៉ូរីណូ (Carmen Moreno) បានថ្លែងអះអាងថា សហភាពអឺរ៉ុប នឹងបន្តធ្វើជាដៃគូដ៏ស្អិតល្មួតជាមួយនឹងកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយចេរភាព។ ការបញ្ជាក់របស់លោកស្រី កាមែន ម៉ូរីណូ បានធ្វើឡើងក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសំដែងការភ្ញាក់ផ្អើល និងអបអរសាទរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរបស់កម្ពុជា។ លោកបានលើកឡើងថា កម្ពុជា មានការអភិវឌ្ឍ និងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព លើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រង ធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាពជាដើម។ លោកស្រី បានលើកឡើងទៀតថា សមិទ្ធផលដែលកម្ពុជាកំពុងមាននេះ គឺទទួលបានមកពីសុខសន្តិភាព និងស្ថេរភាព។ សុខសន្តិភាពស្ថេរភាពនេះ គឺជាមូលដ្ឋានចាំបាច់សម្រាប់អនាគតកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ លោកស្រី បានសង្កត់ធ្ងន់ថា លោកស្រីពិតជាមានមោទនភាពក្នុងការបន្តជាដៃគូរបស់កម្ពុជា…