បុណ្យទន្លេនឹងមកដល់ឆាប់ៗ! រដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្តកណ្ដាល អំពាវនាវឲ្យពលរដ្ឋរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យក្នុងពិធីនេះឲ្យបានល្អ
FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នាថ្ងៃទី០៤ ខែមីនានេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារចុងក្រោយ នូវការត្រៀមរៀបចំបុណ្យទន្លេលើកទី៤ នៅសាលាខេត្តកណ្ដាល ជាមួយនឹងការស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ អាជីវករ នីងភ្ញៀវទេសចរឲ្យចូលរួមរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ គិតត្រឹមថ្ងៃនេះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងឈានមកដល់ហើយ ពោលនាថ្ងៃទី០៩-១០-១១ ខែមីនា ឆ្នាំ២០១៨ ឆាប់ៗខាងមុននេះ។ ក្នុងកិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីរបានជំរុញឲ្យលេខាធិការដ្ឋាន និងអនុគណៈកម្មការ ពន្លឿនការងារដែលនៅសេសសល់ឲ្យបានរួចស្រេចមុនពេលពិធីមកដល់ ក្នុងនោះរួមមាន៖ ១៖ ត្រូវយកឱកាសប្រារព្ធពិធីបុណ្យទន្លេនេះ ធ្វើជាយុទ្ធនាការទីក្រុងស្អាត រៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ដោះស្រាយបញ្ហាសំរាម និងត្រូវដាក់ធុងសំរាមបន្ថែមនៅតាមទីសាធារណៈ ត្រូវមានការតុបតែងរចនាលម្អគេហដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅត្រើយម្ខាង និងទូទាំងខេត្តផងដែរ ពិសេសត្រូវបញ្ឈប់ការបោះសំរាម ឬក្រដាសចោលក្រោមតុ ដោយជំនួសមកវិញនូវកន្សែងត្រជាក់ ឬក្រណាត់អនាម័យ ទើបជាការប្រសើរ។ ២៖ ពង្រឹងការគ្រប់គ្រងអភិវឌ្ឍន៍រមណីយដ្ឋាន និងគុណភាពសេវាទេសចរណ៍ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាឲ្យបានសមរម្យ…