យុវជនជំនាន់ក្រោយ ត្រូវរក្សាអ្វីដែលអ្នកជំនាន់មុនបន្សល់ទុក និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តែឈរលើមូលដ្ឋានសាមគ្គី និងតម្កល់ប្រយោជន៍ជាតិជាធំ
FN៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តសៀមរាប។ ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជាជំនាន់មុន បានបន្សល់នូវគំរូវីរភាព និងសមិទ្ធផលច្រើនអនេក បន្តទុកឲ្យយុវជនជំនាន់នេះ ដូច្នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ។ បន្ថែមពីនេះ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។ នេះជាអ្វីដែលលោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់។ លោកបន្ដថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ដូចស្តែងឡើងតាមរយៈគំរូវីរភាពក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ការយកអាយុជីវិតធ្វើជាដើមទុន ក្នុងការរំដោះពីការសម្លាប់រង្គាលរបស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាមដើម្បីអនុវត្តនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពពសពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយណាមួយទ្បើយ…