បទអន្តរាគមន៍ ក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»
ឯកឧត្តម ឌីមេទ្រី មេដវេឌេវ, ប្រធានគណបក្សរួបរួមរុស្សី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី, ឯកឧត្តមប្រធាន និងតំណាងគណបក្សនៃបណ្តាប្រទេសអាស៊ាន, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! [ចាប់ផ្ដើមប្រសាសន៍ក្រៅបទអន្តរាគមន៍] មុននឹងចាប់ផ្ដើមចូលដល់របៀបវារៈ អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិចថា ថ្ងៃនេះ ពេលនេះខ្ញុំកំពុងជាប់នៅក្នុងចត្តាឡីស័ក ដែលការចាប់ផ្ដើមចត្តាឡីស័កតាំងពីថ្ងៃទី ១៩ រហូតមកដល់ថ្ងៃនេះ មានរយៈពេល ១០ ថ្ងៃរួចមកហើយ នៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះទេ។ ប៉ុន្តែដើម្បីបានជួបជាមួយនឹងជំនួបកំពូលតុមូលរបស់យើង ខ្ញុំបានខិតខំថា ដើម្បីដោះស្រាយជាមួយនឹងវិស័យសុខាភិបាលទាក់ទងនឹងបញ្ហាចត្តាឡីស័ក ដោយក្នុងនោះពុំមានអ្នកអមដំណើរខ្ញុំនៅក្នុងការប្រជុំនេះ ហើយម្យ៉ាងទៀតអ្នកដែលចូលថតនៅនេះសុទ្ធតែបានពាក់នូវឯកសណ្ឋានពេទ្យទាំងអស់ ដើម្បីឱ្យចៀសវាងនូវការថ្លោះធ្លោយណាមួយ ដែលយើងមិនអាចដឹង។ នៅសល់ ៤ ថ្ងៃទៀត ទើបខ្ញុំអាចរួចផុតពីការធ្វើចត្តាឡីស័ក និងត្រូវទៅធ្វើតេស្ដ។ នេះជាដំណាក់កាលកូវីដ–១៩ ដែលវាមិនស្គាល់នាយករដ្ឋមន្រ្តី ឬប្រធានគណបក្សនោះទេ។ ក្នុងពេលនេះដែរ អនុញ្ញាតឱ្យខ្ញុំបានស្វាគមន៍ចំពោះឯកឧត្ដម Manny Pacquiao ដែលជាប្រធានគណបក្សរបស់ហ្វីលីពីន ដែលបានចូលរួមជាមួយយើង។ ឯកឧត្ដមមិនគ្រាន់តែជាអ្នកជោគជ័យក្នុងវិស័យកីឡាទេ ប៉ុន្តែក្នុងឋានៈជាអ្នកជោគជ័យក្នុងវិស័យនយោបាយផងដែរ។ [ចប់ប្រសាសន៍ក្រៅបទអន្តរាគមន៍] ជាបឋម, ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សរួបរួមរុស្ស៊ី ដែលបានរៀបចំឡើងនូវសន្និសីទតុមូលនេះ ក្រោមប្រធានបទ «តួនាទី…