FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។
ការលើកឡើងបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីក្នុងរយៈកាលជាង២ឆ្នាំកន្លងមកនេះ យើងមានបញ្ហាប្រឈម និងផលប៉ះពាល់ខ្លះពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏សុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមាន ជាពិសេសក្នុងប្រមាណប្រមាណ ២០ឆ្នាំចុងក្រោយមុនការមកដល់នៃជំងឺកូវីដ១៩ គឺបាននឹងកំពុងផ្តល់នូវឱកាសអំណោយផល និងសន្ទុះថ្មីសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្មារតី ឆន្ទៈ និងពលិកម្មលះបង់របស់កងទ័ព មិនមែនមានតែនៅក្នុងសមរភូមិប៉ុណ្ណោះទេ។ ជាក់ស្តែងណាស់ កងទ័ពមានភារកិច្ច និងតែងបានចូលរួមគ្រប់ស្ថានការណ៍យ ថាហេតុលំបាក និងគ្រោះថ្នាក់ ក្នុងពេលដែលជាតិ និងប្រជាជនត្រូវការ ដូចជាក្នុងពេលគ្រោះវិបត្តិគ្រោះមហន្តរាយ ព្រមទាំងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាផលវិបាកបន្សល់ទុកដោយសង្គ្រាម ជាដើម។
ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះយោធភូមិភាគទី១, កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តាកងឯកភាពចំណុះយោធភូមភាគទី១ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ គួរជាទីមោទនៈ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនជាលំដាប់របស់កងពលតូចអន្តរាគមន៍លេខ១២៨ និងអង្គភាពចំណុះ ដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងសមិទ្ធផល និងហេដ្ឋារចនា សម្ព័ន្ធនានាជាច្រើន ក្រោយពីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ក្រោមគំនិតដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបង្កើនប្រៀបការពារជាតិ និងការពារប្រជាជន។ សមិទ្ធផលទាំងនេះ រួមមានជាអាទិ៍៖ អគារទីបញ្ជាការ ០៤ខ្នង, អគារស្នាក់នៅ ៦៤ខ្នង និងរោងរថយន្ត ០១ ខ្នង រួមទាំងហេដ្ឋរចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដើម្បីឆ្លើយជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អង្គភាពសំដៅធានាបាននូវប្រសិទ្ធភាពការងារ កាន់តែប្រសើរឡើងបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមថ្នាក់លើ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅទូទាំងប្រទេស ដោយគិតគូរលៃលកធ្វើយ៉ាងណាឱ្យមានការធានាសមរម្យ និងគ្រប់គ្រាន់ ស្របទៅនឹងបទបញ្ជា និងភារកិច្ចដែលបានចាត់តាំង។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចទាំងទ្វេ ដោយជានិច្ចជាកាលលោកទាំងពីរតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា «អគ្គភស្តុភារជាន់ខ្ពស់» ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចទាំងទ្វេផ្ទាល់ ក៏ជាធ្លាប់យោធិនដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាមផងដែរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសូមថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភគាំទ្រដល់កងពលតូចអន្តរាគមន៍លេខ១២៨ និយាយដោយឡែក និងនិយាយជារួម កងយោធពលខេមរភូមិន្ទទាំងមូល ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវការងារកែទម្រង់ និងទំនើបកម្មរបស់ខ្លួន ដើម្បីកសាងនិងពង្រឹងខឿនការពារជាតិឱ្យបានកាន់តែរឹងមាំ សំដៅធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពិតណាស់ កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ ក្នុងនាមជាសមរភូមិក្រោយ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ៕