កន្លះឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានជិត ៥ពាន់លានដុល្លារ លើផ្ទៃក្រឡាសាងសង់ជាង ៧លានម៉ែត្រការ៉េ
FN ៖ រយៈពេល៦ខែ ឆ្នាំ២០១៧ មានគម្រោងសាងសង់សរុប ១,៥២៣គម្រោង តម្លៃជិត ៥ពាន់លានដុល្លារអាមេរិក ត្រូវបានចេញ ច្បាប់អនុញ្ញាតឲ្យសាងសង់ កើនឡើង ២៧.៤៤ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់លោក ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ដែរថា គម្រោងសាងសង់នេះ មានផ្ទៃដីជាង ៧លានម៉ែត្រការ៉េ (៧,២៨៤,៦៧៥ម៉ែត្រការ៉េ)។ លោក ឡៅ ទិព្ធសីហា បានបង្ហាញទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗផងដែរថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅមានចំនួនសរុប ៤៣អគារ។ សម្រាប់ការបោះទុនវិនិយោគលើវិស័យសំណង់មកពីបរទេសវិញ មានចំនួន ១៨ប្រទេស។ បើគិតពីឆ្នាំ២០០០ ដល់ ៦ខែ ឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់ពីបរទេសមានចំនួន ៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣លានម៉ែត្រការ៉េ (១៣,៤៦២,០២៣ម៉ែត្រការ៉េ) មានតម្លៃទុនវិនិយោគសាងសង់ជា ៤ពាន់ លានដុល្លារអាមេរិក (៤,៦៨៦,៨០៧,១០១ដុល្លារអាមេរិក)។…