អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ជាថ្មីថា ការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ!
FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងបញ្ជាក់ប្រាប់អង្គការអន្តរជាតិថា គ.ជ.ប គឺបំពេញការងារទៅតាមច្បាប់ ដែលបានកំណត់ ហើយការបង្កើតការិយាល័យ ចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ។ ការបញ្ជាក់ជាថ្មីរបស់លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលលោកក្នុងរួមក្នុងសិក្ខាសាល ស្តីពីសវនកម្មបញ្ជីបោះឆ្នោត និងការស្រាវជ្រាវបែបអង្កេត នៅសណ្ឋាគារភ្នំពេញ រៀបចំឡើងដោយ គ.ជ.ប និងអង្គការ IFES នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គជប ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហានេះ។ ការបញ្ជាក់ជាថ្មីនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៉ីវិលមួយចំនួន បានស្នើឲ្យ គ.ជ.ប បង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋ ដែលចេញទៅធ្វើពលករបរទេស អាចចុះឈ្មោះបោះឆ្នោតបាន ប៉ុន្តែត្រូវបាន គ.ជ.ប បដិសេធថា ខ្លួនគ្មានសិទ្ធិកំណត់ទេ គឺធ្វើទៅតាមច្បាប់ប៉ុណ្ណោះ៕