បទអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុង «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិលមកពីបណ្តាប្រទេសប្រ៊ីក (BRICS)» ក្រោមមូលបទ«សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង»
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមថ្លែងសន្ទរកថាក្នុង «វេទិកាលើកទី ២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS)» នេះ។ មូលបទរបស់វេទិកាយើងនាពេលនេះ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការ អភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» ពិតជាបានឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមនានាទាំង ប្រពៃណី និងមិនប្រពៃណី ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។ ខ្ញុំយល់ថា នៅក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញនេះ, យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយម បានទេ ប្រសិនបើយើងពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទំាងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេរដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហា ប្រឈមនានា។ ទន្ទឹមនេះដែរ, យើងក៏ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់ខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែល មានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា។ លើសពីនេះទៅទៀត យើងមិនគួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី, ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជា គោលការណ៍…