មេធាវីរាជរដ្ឋាភិបាលកម្ពុជាប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian
FN ៖ មេធាវីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដោយផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ»។ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយដែលមានចេតនាបំភ្លៃការពិតនេះ។ ក្រុមមេធាវីរាជរដ្ឋាភិបាល មានការខកចិត្តយ៉ាងខ្លាំង ដែលសារព័ត៌មាន The Guardian ក្នុងនាមជាសារព័ត៌មានដែលមានកិត្តិនាមមួយនៅទ្វីបអឺរ៉ុប បែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចុះផ្សាយខ្លឹមសារដែលគ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុងបែបនេះ។