សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រឹស្តសាសនា ដើម្បីពង្រឹងសុខដុមភាវូបនីយកម្មវិស័យគ្រឹស្តសាសនានៅកម្ពុជា
ការជួបជុំជាលើកទី ២/មិនមានបញ្ញើ ព្រោះគោរពច្បាប់បោះឆ្នោត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំនៃគ្រឹស្តសាសនិកគ្រប់ជាន់ថ្នាក់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ គឺជាការជួបជុំលើកទី ២ របស់យើង ដែលឆ្នាំទៅគឺជាការជួបជុំលើកទីមួយ ហើយឆ្នាំនេះ តាមការព្រមព្រៀងគ្នារវាងយើង គឺក្នុងមួយឆ្នាំ យើងត្រូវជួបគ្នាម្ដង។ ឆ្នាំក្រោយ យើងនឹងមានការជួបគ្នាទៀត។ សម្រាប់ឆ្នាំនេះ ក្រសួងធម្មការ និងសាសនា បានលើកសំណើយឺតពេលបន្ដិច នោះគឺនៅត្រង់ថា អោយខ្ញុំជ្រើសរើសថ្ងៃ ១៨ ១៩ និង ២៥ ប៉ុន្តែប្រហែលជាអស់លោក លោកស្រីបានដឹងហើយថា ថ្ងៃទី ១៧ ខ្ញុំនៅប្រទេសចិន និងពាក់កណ្ដាលយប់ហើយបានមកដល់ប្រទេសវិញ។ ថ្ងៃទី ១៨ ខ្ញុំទៅខេត្តកំពង់ស្ពឺ។ ដូច្នេះ ដោយសារតែមានការស្នើសុំដាក់នៅថ្ងៃទី ១៨ ១៩ និង ២៥ ខ្ញុំក៏សម្រេចយកការជួបជុំនៅថ្ងៃទី ២៥ នេះ។ តែថ្ងៃទី ២៥ នេះ ក៏ជាថ្ងៃក្រោយពេលដែលយើងបើកយុទ្ធនាការឃោសនាបោះឆ្នោត។ ដូច្នេះ ប្រសិនបើមានបញ្ហាការស្នើសុំ ឬក៏ពាក់ព័ន្ធជាមួយនឹងជំនួយអ្វីៗមួយ…