សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេទ័ពរបស់កម្ពុជាទាំងអស់ថា នៅពេលនេះការចរចាទទួលបានជោគជ័យហើយ ក្រោយនាយករដ្ឋមន្ដ្រីឡាវ យល់ព្រមដកទ័ពចេញពីកម្ពុជា
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានប្រកាសប្រាប់ដល់មេទ័ពកំពូលៗរបស់កម្ពុជា នៅខេត្តស្ទឹងត្រែង មុននេះបន្ដិចថា ការចរចារបស់សម្ដេច ជាមួយនាយករដ្ឋមន្ដ្រីឡាវ បានជោគជ័យហើយបន្ទាប់ពីឡាវ បានយល់ព្រមដកកងទ័ពចេញពីទឹកដីស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ជាតំបន់ដែលកងទ័ពឡាវបានចូលឈ្លានពាននៅទីនោះ។ មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា ការចរចាររបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយភាគីឡាវ ប្រកបដោយផ្លែផ្កាជាទីបំផុតគឺភាគីឡាវ បានយល់ព្រមដកទ័ពចេញពីទឹកដីកម្ពុជាហើយ។ មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ត្រូវត្រឡប់ចូលមូលដ្ឋានដើមវិញ។ សូមបញ្ជាក់ថា ការពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឹយើងទទួលបានជោគជ័យហើយ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ៕