សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញនៅកម្ពុជា ជិះរថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនគិតថ្លៃ
FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយមិនគិតថ្លៃ។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកលោក ថោង ខុន បានបន្ថែមថា កីឡាករដែលមានសិទ្ធជិះរថយន្តក្រុងឥតគិតថ្លៃនេះ គឺមានបណ្ណកីឡាករជំនាញ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាជំនាញ និងបានឯកភាពដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបច្ចុប្បន្នកីឡាករជំនាញទាំងអស់មានចំនួនប្រមាណ៥០០០នាក់។ ការផ្តល់នេះជាការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីជំរុញដល់វិស័យកីឡាឲ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសសម្រាប់ឈានឆ្ពោះទៅរកស៊ីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់កីឡាករ ធ្វើដំណើរទៅហាត់នៅពហុកីឡដ្ឋានជាតិផងដែរ។