សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ខណៈដែលជំងឺនេះមិនទាន់មកដល់កម្ពុជានៅឡើយទេ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ខណៈដែលជំងឺកាចសាហាវនេះបានរាតត្បាតដល់ប្រទេសមួយចំនួន ប៉ុន្តែមិនទាន់មានមកដល់ប្រទេសកម្ពុជានៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេហ្សី»។ សម្តេចបានបន្តថា អាការៈរោគនេះ គឺមានដូចជា ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។…