​ផ្លូវកៅស៊ូមួយខែ្សទៀតប្រវែង១៥០០ម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងកំពង់ចាម ត្រូវបានបើកការដ្ឋាននៅព្រឹកនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ផ្លូវកៅស៊ូមួយខ្សែទៀត ជូនប្រជាពលរដ្ឋនៅក្រុង​កំពង់ចាមបន្ទាប់ពីបើក ការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង២៥០០ម៉ែត្រ នៅភូមិឡអិដ្ឋ សង្កាត់បឹងកុក កាលពីជាងពីរខែមុន សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ ផ្លូវកៅស៊ូមួយខ្សែរទៀតដែលមានប្រវែង១៥០០ម៉ែត្រ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានប្រកាសបើកការដ្ឋានសាងសង់។ ផ្លូវនេះជាផ្លូវក្រវ៉ាត់ក្រុង ដែលមានគោលបំណងកាត់បន្ថយភាពកកស្ទះចរាចរ បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចគ្រួសារ ដែលនឹង រួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាព​ក្រីក្រប្រជាពលរដ្ឋ៕

​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់កំហិតឲ្យក្រុមហ៊ុន Cellcard , Smart និង Metfone បញ្ចប់ការផ្សាយ​ពាណិជ្ជកម្មដូរលុយ​ត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧

FN ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានដាក់កំហិតឲ្យក្រុមហ៊ុនទូរស័ព្ទចំនួន៣ រួមមាន Cellcard, Smart និង Metfone បញ្ចប់ការផ្សាយពាណិជ្ជកម្មដូរលុយត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំ និងពិភាក្សាដោះស្រាយស្តីពី ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ប្រព័ន្ធទូរស័ព្ទចល័ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័ត នាពេលថ្មីៗនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាទៅ​លើបញ្ហា​ប្រឈម និងផលប៉ះពាល់មួយចំនួនរួមមាន៖ * ការធ្លាក់ចុះនៃគុណភាពសេវាទូរស័ព្ទដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័ត * ការប៉ះពាល់ដល់ទុនក្នុងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការពង្រីកប្រព័ន្ធបណ្តាញរបស់ក្រុមហ៊ុន * ការប៉ះពាល់ដល់ការប្រមូលចំណូល និងពន្ធជូនរដ្ឋប្រចាំឆ្នាំ * ពុំមាននិរន្តរភាពក្នុងការប្រកបអាជីវកម្មរយ:ពេលវែង។ ជាលទ្ធផលនៃកិច្ចប្រជុំលោកមន្រ្តី បានស្នើឲ្យក្រុមហ៊ុនពង្រឹងបញ្ហាគុណភាពសេវាទូរស័ព្ទឲ្យបានកាន់តែប្រសើរឡើង ហើយយកចិត្តទុកដាក់ លើការផ្សាយពាណិជ្ជកម្មឡើងវិញធ្វើយ៉ាងណាឲ្យមានតម្លាភាព និងគុណភាពក្នុងការប្រកួតប្រជែងជាមួយនឹងតម្លៃសមរម្យ។ សម្រាប់ការងារនេះ លោករដ្ឋមន្រ្តី បានសម្រេចអនុញ្ញាតឲ្យនិយ័តករទូរគមនាគមន៍កម្ពុជាធ្វើការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Smart និងក្រុមហ៊ុន Metfone ដោយកំណត់ឲ្យក្រុមហ៊ុនទាំងបីបញ្ឈប់ការផ្សាយពាណិជ្ជកម្មត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧៕

សាលាក្តីខ្មែរក្រហម រៀបចំវេទិកាស្តីពីការវិវឌ្ឍនីតិវិធី នៃអង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការ​កម្ពុជា និងសំណងក្នុងសំណុំរឿង ០០២/០២

FN ៖ វេទិកាស្តីពីការវិវឌ្ឍនីតិវិធីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសំណងក្នុងសំណុំរឿង ០០២/០២ ត្រូវបានរៀបចំឡើងដោយអង្គភាព គាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៧ នៅរាជធានី​ភ្នំពេញ​ដោយមានការចូលរួមពីមន្ត្រីសាលាក្តី និងដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង ០០២ សរុបចំនួនជាង ១៥០ រូបមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកណ្តាល។ ក្រុមមន្ត្រីជំនាញមកពីសាលាក្តីខ្មែរក្រហម និងអង្គការដៃគូ​ជាច្រើន​បានធ្វើបទបង្ហាញផ្សេងៗ ដើម្បីផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹង ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើង នៅក្នុងរបបខ្មែរក្រហម ក៏ដូចជាការបង្ហាញពីគម្រោងសំណងដែលគ្រោងនឹងស្នើសុំ សម្រាប់សំណុំរឿង ០០២/០២។ មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា វេទិកានេះពិតជាមានសារៈសំខាន់សម្រាប់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហមជាដើមបណ្តឹងរដ្ឋប្បវេណីដើម្បីជួបជាមួយមន្ត្រីសាលាក្តីទទួលបាន នូវព័ត៌មានថ្មីៗនៃការជំនុំជម្រះក្តី  និងជួបជាមួយមេធាវីការពារក្តីរបស់ពួកគាត់ដើម្បីពិនិត្យលើការវិវឌ្ឍនៃសំណុំរឿង ក៏ដូចជាលើកឡើងពី​គម្រោងសំណងដែល​ដើមបណ្តឹង គ្រោងស្នើសុំសម្រាប់សំណុំរឿង ០០២/០២។ គម្រោងសំណងសំណុំរឿង ០០២/០២ ដែលលោក នេត្រ ភក្ត្រា បានឱ្យដឹងថាមានចំនួន ២៣ គម្រោងផ្តោតលើការចងចាំ និងការអប់រំ ការស្តារនីតិសម្បទា និងការរំឮកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅក្នុងរបបខ្មែរក្រហម។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា គម្រោងសំណងទាំងនេះនឹងត្រូវដាក់ជូនអង្គជំនុំជម្រះសាលាដំបូងពិនិត្យ…