ពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងកម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព

FN ៖ នៅក្នុងកិច្ចជួបសំណេះសំណាល និងពិភាក្សា​ការងារ​​រវាង នាយករដ្ឋមន្ត្រី​កម្ពុជា-វៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ ក៏មានពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងរបស់ កម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក។ ពិធីសារចំនួន៤នោះរួមមាន៖ ១៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ចុះហត្ថលេខាជាមួយ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម ២៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងការងាររបស់វៀតណាម ៣៖ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម ៤៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ។

កម្មកររោងចក្រជិត៧០០នាក់ នៅសង្កាត់ចាក់អង្រែក្រោម ទទួលបានការពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ពីសមាគម TYDA​

FN ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA​ ចំនួន៤៩នាក់​ សហការជាមួយអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ចំនួន២១នាក់​ បានចុះទៅពិនិត្យសុខភាពដោយឥតគិតថ្លៃ​ និងអប់រំសុខភាពដល់កម្មករ-កម្មការនី នៅតាមបន្ទប់ជួល​ចំនួន ១៦៩បន្ទប់ ក្នុងភូមិ​ទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ដោយបានពិនិត្យជំងឺទូទៅជូនពួកគាត់បានចំនួន ៩០នាក់​ និងអប់រំសុខភាពទូទៅចំនួន ៥៨១នាក់។ ក្នុងសកម្មភាពមនុស្សធម៌នាចុងសប្ដាហ៍នោះ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី បានឲ្យដឹងថា ជារៀងរាល់ខែ សមាគមតែងតែធ្វើសកម្មភាពសំខាន់ៗ រួមមាន ការព្យាបាលជូនដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ដោយយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬពណ៌សម្បុរឡើយ នៅតាមបណ្តាខេត្ត ការព្យាបាលកុមារកំព្រានៅតាមអង្គការ មជ្ឈមណ្ឌលកុមារកំព្រា ការចុះអប់រំសុខភាពតាមខ្នងផ្ទះ ក្នុងសហគមន៍ និងការព្យាបាលជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋនៅតាមរោងចក្រ ដែលមកដល់ពេលនេះ សមាគមបានការព្យាបាលជូនដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ បានជាង២០ម៉ឺននាក់ និងបានបញ្ជូនអ្នកជំងឺដែលមានករណីធ្ងន់ធ្ងរទៅព្យាបាលបន្តនៅភ្នំពេញ បានជាង១,០០០នាក់។ លោកវេជ្ជបណ្ឌិតបានបន្តថា សកម្មភាពមនុស្សធម៌នេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាព្យាបាល មកជិតផ្ទះរបស់អ្នកជំងឺ និងចូលរួមលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា៥០,៣៥៦ដុល្លារ ខួងអណ្តូងទឹកស្អាតចំនួន១៨បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ក្នុងខេត្តស្ទឹងត្រែង

FN ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ថ្មីៗ នេះ បានសម្រេចផ្តល់ថវិកាចំនួន ៥០,២៥៦ដុល្លារអាមេរិក (ប្រាំម៉ឺនពីររយហាសិបប្រាំមួយដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាត ចំនួន ១៨បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៤៩គ្រួសារ ស្មើនឹងមនុស្ស ១,៧៧៤នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ក្នុងភូមិចំនួន ៦ ឃុំចំនួន ៣ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែង បានទទួលអណ្តូងទឹកស្អាត ពីកាកបាទក្រហមកម្ពុជា សរុបចំនួន ១០៥អណ្តូង ដែលបានជួយដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋរស់នៅទីដាច់ស្រយាលខ្វះខាតទឹកប្រើប្រាស់ បានរាប់ពាន់គ្រួសារ៕