រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១២ ខែវិច្ឆិកា

FN ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងដំណើរការបម្រើសេវានេះ ជាធម្មតាវិញ។ តាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ក្រុមកីឡាករ-កីឡាការិនីទូក «ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក «ង»។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូតនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់៕

ក្រសួងប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាព្រះរាជពិធីបុណ្យអុំទូក

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងជម្រាបដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អនុញ្ញាត ឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ខាងមុខនេះ ជំនួសឱ្យថ្ងៃទី១០ ដែលត្រូវចំថ្ងៃអាទិត្យ។ ក្រសួងការងារក៏បានបញ្ជាក់ថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណាមិនអាចបញ្ឈប់សកម្មភាព របស់ខ្លួនបាន ក្នុងឱកាសឈប់សម្រាកបុណ្យនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នា។ កម្មករនិយោជិតដែលធ្វើការ ក្នុងថ្ងៃឈប់នាព្រះរាជពិធីនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលនៃថ្ងៃធ្វើការធម្មតា៕

កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៧ម៉ឺនតោន ទទួលចំណូល២៣០លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ

FN​ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៧៣,០៧២តោន កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ២៣០លានដុល្លារអាមេរិក។ របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ៩ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣៥ដុល្លារក្នុង១តោន បានធ្លាក់ចុះ២%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល៩ខែ មានចំនួនប្រមាណជា ២៣១,០៥១,១២០ដុល្លារអាមេរិក។ សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែកញ្ញា មានចំនួនប្រមាណជាជាង ២៣,៨០៩តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែកញ្ញាមានតម្លៃ ១,៣០៣ដុល្លារក្នុង១តោន បានថយចុះ២.១៥%ផងដែរ។ សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕