អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីបំភ្លឺ លើការទិញផ្ទះដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ មិនតម្រូវឲ្យបង់ពន្ធប្រថាប់ត្រា

FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានសេចក្តីបំភ្លឺលើការទិញអចលនទ្រព្យដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនតម្រូវឲ្យបង់ពន្ធប្រថាប់ត្រា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ការអនុវត្តវិធានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ត្រូវបានអនុវត្តចំពោះលំនៅដ្ឋាន គ្រប់ប្រភេទ ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ហើយត្រូវបានទិញពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងមានលេខអត្តសញ្ញាណកម្មសារពើពន្ធត្រឹមត្រូវ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ៕

ក្រសួងសេដ្ឋកិច្ច ចេញសារាចរណែនាំស្តីពី ការកាត់បន្ថយការចំណាយរបស់ក្រសួងស្ថាប័នរដ្ឋ សម្រាប់ឆ្នាំ២០២០ ដើម្បីទប់ទល់វិបត្តិ COVID-19

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសារាចណែនាំ ស្តីពីការអនុវត្តន៍កាត់បន្ថយចំណាយ សម្រាប់ក្រសួងស្ថាប័នទាំងអស់របស់រដ្ឋ សម្រាប់ឆ្នាំ២០២០។ ការកាត់បន្ថយការចំណាយតាមក្រសួងស្ថាប័ននេះ ដើម្បីសន្សំថវិកា សម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើបធ្ងន់ធ្ងរ(COVID-19) និងទប់ទល់ផលប៉ះពាល់ អវិជ្ជមានលើសេដ្ឋកិច្ចជាតិ។ បើតាមសារាចរណែនាំថ្មីនេះ បញ្ជាក់ថា នៅឆ្នាំ២០២០នេះ តម្រូវឲ្យក្រសួងស្ថាប័នទាំងអស់អនុវត្តដូចជា៖ * គ្រប់គ្រងចំណាយបន្ទុកបុគ្គលិក ឲ្យម៉ឺងម៉ាត់បំផុត ដោយអនុវត្តន៍គោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលរក្សាចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាលដូចនៅក្នុងឆ្នាំ ២០១៩។ * កាត់សន្សំចំណាយ បេសកកម្មក្រៅប្រទេស៥០% ចំពោះក្រសួងស្ថាប័នទាំងអស់ លើកលែងតែទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម កាត់ត្រឹម២៥%។ * កាត់សន្សំចំណាយលើសម្ភារការិយាល័យ ១៥% គ្រប់ក្រសួងស្ថាប័ន។ * កាត់បន្ថយចំណាយសម្ភារ និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន១៥% គ្រប់ក្រសួងស្ថាប័ន។ * កាត់សន្សំចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល១៣% សម្រាប់គ្រប់ក្រសួងស្ថាប័ន។ * ព្យួរការអនុវត្តន៍រាល់ការទិញរថយន្ត សម្រាប់បម្រើការងាររដ្ឋបាលរបស់គ្រប់ក្រសួងស្ថាប័ន លើកលែងតែការទិញរថយន្តអគ្គិភ័យ រថយន្តដឹកឱសថជាដើម…

គិតត្រឹមឆ្នាំ២០១៩ ពលករខ្មែរនៅក្រៅប្រទេសមានជាង១.២៨លាននាក់

FN ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៩នេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមាន ចំនួន១,២៨៨,០០០នាក់។ ក្នុងចំណោមពលករទាំងអស់ភាគច្រើន គឺបម្រើការងារនៅប្រទេសថៃ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ហេង សួរ បានបញ្ជាក់ថា ចំនួនពលករនៅក្នុងឆ្នាំ២០១៩នេះ មានការកើនឡើងប្រមាណ៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៨។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រូបនេះបានអះអាងទៀតថា ការចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពលករកម្ពុជា បានផ្ញើប្រាក់មកក្រុមគ្រួសារនៅក្នុងប្រទេស ជិត២,៨០០លានដុល្លារ ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យកម្រិតជីវភាពរបស់ពួកគេ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធពលករយើងទៅធ្វើការនៅក្រៅប្រទេសនេះ ក្នុងឆ្នាំ២០១៩យើងមានសរុប ចំនួន១,២៨៨,០០០នាក់ ហើយធៀបនឹងឆ្នាំ២០១៨ គឺយើងមាន១,២៣០,០០០នាក់ ចឹងនៅក្នុងឆ្នាំ២០១៩នេះ យើងមានការកើនឡើងប្រមាណជាង៥ម៉ឺននាក់។ តាមរយៈបងប្អូន ដែលធ្វើការនៅក្រៅប្រទេសនេះ យើងឃើញបងប្អូនបានផ្ញើប្រាក់ដែលសល់ពីការចាយវាយជាក់ស្ដែង នៅប្រទេសនោះ មកស្រុកយើងវិញ ប្រហែលជិត២,៨០០លានដុល្លារក្នុងមួយឆ្នាំ»។…