ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីត១៩ ចំនួន១២នាក់ថ្មីទៀត

FN ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីត១៩ (COVID-19) ចំនួន១២នាក់ថ្មីទៀត។ អ្នកឆ្លងជំងឺថ្មីទាំង១២នាក់ មាននៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និងត្បូងឃ្មុំ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា អ្នកឆ្លងថ្មីជាខ្មែរ-ឥស្លាម ១១នាក់ គឺជាជនដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីសរុបចំនួន៧៩នាក់។ ក្រសួងបានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យថ្នាក់ជាតិ និងក្រោមជាតិ កំពុងបន្តតាមដានរកអ្នកប៉ះពាល់យ៉ាងសកម្ម ជាពិសេសអ្នកដែលបានចូលរួមនៅក្នុងពិធីសាសនាឥស្លាម នៅប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ថា បូកទាំងករណីថ្មី១២នេះផង អ្នកកើតជំងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ។ អ្នកទាំង២៤នាក់នោះរួមមាន៖ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ…

រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩

FN៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ ក្រសួងក៏បានប្រកាសដែលថា បើទោះបីជំងឺកូវីត១៩នេះរាតត្បាតជាសកល ប៉ុន្តែក្នុងពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍របស់យើងនៅឡើយទេ។ ករណីទាំងអស់សុទ្ធជាករណីនាំចូលពីក្រៅប្រទេស។ ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាព។

ក្រសួងអប់រំសម្រេចឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់

FN ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។ ការសម្រេចរបស់ក្រសួងអប់រំនេះធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺ Covid-19។ សេចក្តីណែនាំរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានណែនាំឲ្យគ្រប់គ្រឹះស្ថានចំណេះទូទៅ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សាគ្រប់កម្រិត ទាំងរដ្ឋ និងឯកជន ត្រូវអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការជូនដំណឹងថ្មី ។ សម្រាប់សាលារៀន ដែលមិនទាន់បញ្ចប់ការវាយតម្លៃលទ្ធផលសិក្សា ត្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមនៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាសទី១។ ក្រសួងបន្តថា ចំពោះគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ត្រូវអនុញ្ញាតឲ្យនិស្សិត ឈប់សម្រាកចាប់ពីថ្ងៃនេះ ដល់រហូតដល់មានការជូនដំណឹងថ្មី ហើយត្រូវប្រមូលព័ត៌មាន នូវរាល់ការធ្វើដំណើរ កម្មវិធីទស្សនកិច្ច កម្មសិក្សាទៅកាន់្រទេសផ្ទុះជំងឺ…