សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបពិភាក្សា

FN ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មានជំនួបដាច់ដោយឡែកពីគ្នាចំនួនពីរផ្សេងទៀត គឺជំនួបពិភាក្សាការងារជាមួយលោកស្រី Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និង លោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។ ក្នុងឱកាសចូលជួបសម្តែងការគួរសម ក៏ដូចជាពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នោះ លោកស្រី Gu Xiulian មានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន-កម្ពុជា បានជួបសំណេះសំណាល នៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងឱកាសដែលរូបសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដ៏មមាញឹកបំផុតនេះ។ លោកស្រីក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពីភាពរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរចិន និងកម្ពុជា បានបង្កើតឡើងនូវ សមាគមមិត្តភាពចិន-កម្ពុជា កាលពីពេលកន្លងទៅ។ លោកស្រីក៏បានជំរាបជូនសម្តេចតេជោដែរថា សមាគមមិត្តភាពចិន-កម្ពុជា មានសមាជិកចូលរួមគឺជាអតីតមន្ត្រីការទូតរបស់ប្រទេសចិន ប្រចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌ក្នុងប្រទេសកម្ពុជា។ លោកស្រីក៏បានសំដែងនូវការអបអរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងទៅ។…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង (ដកស្រង់ពីហ្វេសប៊ុក)

បន្ទាប់ពីអញ្ជើញជួបជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្តចិនរួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។ ​​ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ចាត់ទុកទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោមកកាន់ប្រទេសចិននៅពេលនេះ គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែ​ខ្ពស់ត្រដែតថែមទៀត។ ឯកឧត្តមប្រធានាធិបតី​ ក៏បានគូសបញ្ជាក់ពីខួប ៦០ ឆ្នាំ នៃទំនាក់ទំនងការ​ទូតប្រទេសទាំងពីរ។ ឯកឧត្តមបន្តថា ឯកឧត្តមផ្ទាល់ជាមួយព្រះករុណា ព្រះមហាក្សត្រនៃព្រះ​រា​ជាណា​ចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាង និងអញ្ជើញចូលរួមក្នុងកម្មវិធី ប្រពៃណីក្នុងប្រទេសចិន។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវាត់​មួយ ផ្លូវមួយ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយ ផ្លូវមួយ ក្នុងនោះភាគីទាំងសងខាង នឹងបន្តយកចិត្តទុកដាក់ក្នុងការពង្រីកកិច្ចសហ​ប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។ ឯកឧត្តម​បន្តថា បច្ចុប្បន្ននេះ បើទោះបីជា​ទំនាក់​ទំនង​អន្តរជាតិ ​មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើង​ថែមទៀត។ ឯកឧត្តមប្រធានាធិបតី​ មានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល ៦០ ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ…

សម្តេចតេជោ ហ៊ុន សែន គាំទ្រក្រុមហ៊ុនចិនមួយចង់សាងសង់ខ្សែកាបអុបទិចក្រោមបាតសមុទ្រពីហុងកុង មកកម្ពុជា

FN ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានបង្ហាញបំណងតភ្ជាប់ខ្សែកាបអុបទិចក្រុមបាតសមុទ្រពីទីក្រុងហុងកុង ប្រទេសចិន មកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់សេវាអ៉ីនធើណេតឲ្យមានល្បឿនកាន់តែលឿនថែមទៀត។ ការបង្ហាញពីគម្រោងសាងសង់ខ្សែកាបអុបទិចដោយបង្កប់ក្រោមបាតសមុទ្រពីហុងកុងមកកាន់ប្រទេសកម្ពុជានេះ បានធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំក្រុមហ៊ុនវិស្វកម្ម និងដែកថែមចិន ដឹកនាំដោយលោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ នៅទីក្រុងប៉េកាំង ប្រទេសចិន ទីដែលសម្តេចតេជោកំពុងបំពេញដំណើរទស្សនកិច្ច។ ក្នុងជំនួបជាមួយក្រុមហ៊ុនវិស្វកម្ម និងដែកថែម លោក ស៊ូ ស៊ីវេ បានបង្ហាញគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីហុងកុង មកប្រទេសកម្ពុជា ដើម្បីប្រព័ន្ធអ៉ីនធើណែតរបស់កម្ពុជា កាន់តែមានល្បឿនលឿនជាងមុន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពទៅនឹងការស្នើសុំនោះ ដោយសារតែកម្ពុជា ទើបតែមានប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រតែមួយខ្សែតែប៉ុណ្ណោះ។ ក្នុងឱកាសនោះប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏បានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធគម្រោងដែលក្រុមហ៊ុនកំពុងអនុវត្តក្នុងប្រទេសកម្ពុជា។ ពិសេសទាក់ទិនទៅនឹងការផលិតវារីអគ្គិសនីដើរដោយធ្យូងថ្ម រួមទាំងការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនលោកពាក់ព័ន្ធគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដោយឈរលើនយោបាយបើកចំហររបស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលស្វាគមន៍អ្នកវិនិយោគបរទេសទាំងអស់ ក្នុងការមកបណ្តាក់ទុនកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា៕