អាជ្ញាធរសម្រេច Lock Down ផ្សារចាស់ ក្នុងខណ្ឌដូនពេញ ក្រោយមានអ្នកឆ្លងកូវីដ, អ្នកពាក់ព័ន្ធត្រូវបានយកសំណាក

FN ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេច Lock Down ផ្សារចាស់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ ហើយអ្នកដែល ប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះតែម្តង។ លោក សុខ ពេញវុធ បានបញ្ជាក់ទៀតថា «នៅថ្ងៃនេះ គណៈបញ្ជាការឯកភាពខណ្ឌបានបិទបណ្តោះអាសន្ន (Lock down) ទីរួមផ្សារចាស់ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ»។ សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ការឆ្លងជំងឺកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ហើយតាមផ្សារមួយចំនួនក៏មានករណីឆ្លងផងដែរ ក្រោយមានការផ្ទុះខ្លាំងនៅផ្សារអូរឬស្សី៕

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំ នួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ * សម្រាប់ខណ្ឌមានជ័យ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។ * សម្រាប់ខណ្ឌសែនសុខ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ * សម្រាប់ខណ្ឌពោធិ៍សែនជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

រដ្ឋមន្រ្តីសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

FN ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយប្រាប់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ក្នុងមូលដ្ឋាន។ លិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ រៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។ លិខិតរបស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី-ខេត្ត ក្រសួងស្នើឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះមន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាលដែល រាជធានី-ខេត្តនីមួយបានរៀបចំរួចជាស្រេចហើយ។ លោក ម៉ម ប៊ុនហេង បានបន្ថែមថា ការត្រៀមបម្រុងនេះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ក្រសួងសុខាភិបាល នឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដែលក្រសួងនឹងរៀបចំជូន។ នេះបើតាមការបញ្ជាក់បន្ថែមទៀតរបស់ លោក ម៉ម ប៊ុនហេតុ។…