ក្រសួងសុខាភិបាល ប្រកាសអំពាវនាវឲ្យពលរដ្ឋខ្មែរ ទើបសម្រុកចេញពីថៃ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

FN ៖ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលទើបសម្រុកចេញពីប្រទេសថៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ព្រមទាំងទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ នៅពេលដែលដឹងខ្លួនថា មានអាការៈមិនស្រួល ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នាកុំឲ្យ COVID-19 កាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង។ ការចេញមកអំពាវនាវភ្លាមៗ របស់ក្រសួងសុខាភិបាលខាងលើនេះ ក្រោយពីគេសង្កេតឃើញថា ជាពិសេសនៅថ្ងៃនេះតែម្ដង ពលរដ្ឋខ្មែរបានសម្រុកនាំគ្នា ចាកចេញពីប្រទេសថៃ ជាប់ព្រំដែនជាមួយកម្ពុជា ក្រោយពីរដ្ឋាភិបាលថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ លើកលែងតែការដោះដូរទំនិញ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ មានអ្នកឆ្លងកើនឡើងជិត៦០០នាក់។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានធ្វើការជាមួយកម្លាំងនគរបាល តាមច្រកទ្វារព្រំដែនទាំងអស់ អនុវត្តនូវវិធានបឋមតាមរយៈការពិនិត្យកំដៅរបស់បងប្អូនពលរដ្ឋខ្មែរ ដែលចេញពីប្រទេសថៃ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ថៃមានអត្រាអ្នកឆ្លងរហូតជិត៦០០នាក់ ដូច្នេះសូមលើកទឹកចិត្តបងប្អូនដែលមកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងទៅកាន់ក្រុមគ្រួសាររបស់គាត់…

កម្ពុជា-វៀតណាម ដាក់ចេញនូវដំណោះស្រាយចំនួន៤ សម្រួលដល់ការដោះដូរទំនិញទៅវិញទៅមក

FN ៖ កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដែលខាងភាគីកម្ពុជា សហដឹកនាំដោយបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដោយសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាងភាគីវៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។ អង្គប្រជុំបានឯកភាពសម្រេចអនុវត្ត ដំណោះស្រាយចំពោះមុខចំនួន០៤ចំណុច ដូចតទៅ៖ ១៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។ ២៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។ ៣៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។ ៤៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ…

កម្ពុជាចេញសេចក្តីជូនដំណឹង សម្រេចបិទព្រំដែនបណ្តោះអាសន្នជាមួយប្រទេសវៀតណាម

FN ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ។ ការសម្រេចរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនកម្ពុជា-វៀតណាម ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលរដ្ឋាភិបាលវៀតណាមបានសម្រេចបិទច្រកភ្លាមៗ ដោយមិនបានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជា។ ការសម្រេចបិទច្រកព្រំដែននេះ ធ្វើឡើងក្នុងគោលបំណងចៀសវាងមានការលំបាកកើតឡើង នៅតាមច្រកព្រំដែនប្រទេសទាំងពីរ ដោយយោងលើការកើនឡើងយ៉ាងគំហុក នូវការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ខណៈដែលប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឱ្យមានការដាក់នៅដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរមកពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលស្រុកវិញផងដែរ។ ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះមានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឱ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម។ ក្រសួងការបរទេសកម្ពុជា…