៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ២២២៥លានដុល្លារ កើនឡើងជិត៤%

FN ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ៩ ០១៥.០៨ ប៊ីលានរៀល (ប្រមាណ ២ ២២៥.៩៥ លានដុល្លារអាមេរិក) កើនឡើង៣.៧១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ នេះបើតាមសចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលានេះ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារគូសបញ្ជាក់ថា ឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្ហាញនូវសញ្ញា និងផលប៉ះពាល់ជាអវិជ្ជមាន មកលើចំណូលពន្ធ ជាពិសេសប្រភេទពន្ធ និងវិស័យសំខាន់ៗក្នុងត្រីមាសទី៣នេះ។ លោកបានរំលឹកដល់ប្រធានអង្គភាព ក្រោមឱវាទទាំងអស់ ត្រូវពង្រឹងកិច្ចសហការរវាងអង្គភាព-អង្គភាព ចំណុះអគ្គនាយកដ្ឋានពន្ធដារ និងអន្តរក្រសួង-ស្ថាប័ន និងដែល បានដាក់ចេញដោយអគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យបង្កើន ប្រសិទ្ធភាព និងតម្លាភាព ដល់ការប្រមូលពន្ធ ព្រមទាំងបាន ក្រើនរម្លឹកនិងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ថា ទោះបីជាមាន ផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែល ជះឥទ្ធិពលពីជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹង ផែនការសកម្មភាពបន្ថែម…

សាលារាជធានីភ្នំពេញ សូមប្រកាសបិទចរាចរណ៍កំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យជាបណ្តោះអាសន្ន

FN ៖ សាលារាជធានីភ្នំពេញនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមវាងតាមផ្លូវផ្សេងជាបណ្តោះអាសន្ន ផ្អាកធ្វើដំណើរតាមផ្លូវលេខ៣៧១សិន ដោយរង់ចាំការបើកដំណើរការឡើងវិញ។ បើតាមសាលារាជធានីភ្នំពេញ ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន៕

ខេត្តពោធិ៍សាត់ ផ្អាករថយន្តធុនធំធ្វើចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ ដោយសារទឹកជន់លិច

FN ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចហាមរថយន្តធុនធំធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ ដោយសារជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវនេះ។ ក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយស្ថានភាពទឹកទំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយះពេល៦ថ្ងៃមកនេះ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្កឲ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន ៥ក្រុង/ស្រុក។ នៅក្នុងក្រុងពោធិ៍សាត់ បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឲ្យលិចលង់ផ្លូវមួយចំនួន នៅក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រ១៨៦ ដល់គីឡូម៉ែត្រ ១៩៣ ត្រូវបានលិច។ ព្រោះតែការជន់លិចនេះរដ្ឋបាលខេត្ត សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃនេះ ក៏បានបានណែនាំទៅអភិបាលរាជធានី ខេត្ត ឱ្យបិទការធ្វើចរាចរណ៍នៅលើផ្លូវដែលមានទឹកលិចខ្លាំង ដើម្បីការពារគ្រឿងថ្នាក់ចរាចរណ៍ និងការនាំឱ្យខូចផ្លូវធ្ងន់ធ្ងរ។ ក្នុងសារណែនាំចែកចាយតាមបណ្តាញសង្គមនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានណែនាំដូច្នេះ «នៅកន្លែងណាក៏ដោយសូមអភិបាលរាជធានី…