លោកបណ្ឌិត ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន

លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។ យោងតាមទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរចូលជួបរដ្ឋមន្ត្រីការបរទេសជប៉ុននេះ ក៏មានការអមដំណើរដោយលោក ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ បំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងការអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ត្រូវបានលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ជម្រាបសម្តេចសម្តេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៨ បានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ៕

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធិផលនានា ក្នុងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មហាកុដិ និងសមិទ្ធផលនានា ក្នុងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅក្នុងភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញ ស្ថាប័នតុលាការ អភិបាលក្រុងស្រុក មេឃុំ ស្មៀនឃុំសប្បុរសជនជិតឆ្ងាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកតាលោកយាយ និងប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងច្រើនកុះករ៕ ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម François GROSDIDIER អភិបាលខេត្ត Metz

ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូចនឹងថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម François GROSDIDIER អភិបាលខេត្ត Metz ដើម្បីពិភាក្សាការងារស្ដីពីកិច្ចសហប្រត្តិបត្តិការលើវិស័យ ឧស្សាហកម្ម វប្បធម៌ និងអប់រំ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍន៍ ធនធានមនុស្ស បច្ចេកវិទ្យា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងជួរយុវជន សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមរិតបន្តឹងចំណងមិត្តភាព សាមគ្គីភាព រវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-បារាំង ឲ្យកាន់តែរឹងមាំេទ្វរឡើងជាលំដាប់៕