សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យ​​អភិបាលរាជធានី-ខេត្តផ្សេងៗ ត្រូវទាក់ទង​អាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីដឹកពលករ​ដែលមានទីលំនៅក្នុងដែនដីរបស់ខ្លួន មកលំនៅឋានវិញ

FN ៖ ​​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តផ្សេងៗ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត ជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីដោះស្រាយដឹកពលករ មានលំនៅក្នុងដែនដីរបស់ខ្លួន ពីព្រំដែនមកកាន់លំនៅឋានវិញ។ ក្នុង​លិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តពាក់ព័ន្ធ រឿងពលករខ្មែរ​ដែលអាជ្ញាធរថៃ បានចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ សម្ដេចក្រឡាហោម ស ខេង បញ្ជាយ៉ាងដូច្នេះថា «រាជធានី-ខេត្តដទៃទៀត ត្រូវទំនាក់ទំនង និងចូលរួមសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភ និងដោះស្រាយ ការដឹកជញ្ជូនពលករខ្មែរ ដែលមានទីលំនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពីព្រំដែន ទៅកាន់លំនៅឋានរបស់ពួកគាត់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព សុខភាព ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ»។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ត្រូវពង្រឹងតួនាទី និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន និងប្រធានអង្គភាព តាមច្រករប្រៀងនានា ក្នុងការគ្រប់គ្រងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវ តួនាទី ភារកិច្ចរបស់ខ្លួន ដោយខិតខំជួយសម្រួលគាំទ្រដល់ ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រលប់មកកម្ពុជាវិញ បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យមន្ទីរ អង្គភាពជំនាញនានា​​ត្រូវសហការរៀបចំជម្រកបណ្ដោះអាសន្ន ថ្នាំពេទ្យ…

សេចក្តីជូនដំណឹង! ក្រសួងមហាផ្ទៃ ប្រកាសជាថ្មីលើតម្លៃសេវាលិខិតឆ្លងដែនធម្មតា, ២០ថ្ងៃ១០០ដុល្លារ, ១០ថ្ងៃ១៥០ដុល្លារ និង១ថ្ងៃ២០០ដុល្លារ

FN ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសសារជាថ្មីម្ដងទៀត នូវតម្លៃសេវាលិខិតឆ្លងដែនធម្មតា ដោយក្នុងនោះរួមមាន ទី១៖ សេវារយៈពេល២០ថ្ងៃ តម្លៃ១ក្បាល ១០០ដុល្លារអាមេរិក ទី២៖ សេវារយៈពេល១០ថ្ងៃ តម្លៃ១ក្បាល ១៥០ដុល្លារអាមេរិក ទី៣៖ សេវារយៈពេល១ថ្ងៃ តម្លៃ១ក្បាល ២០០ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីម្សិលមិញ បានបញ្ជាក់ថា «ដោយឡែកចំពោះពលករ ទៅបំពេញការងារស្របច្បាប់​នៅ​ក្រៅប្រទេស តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្ដល់លិខិតធ្វើដំណើរ ត្រូវផ្ដល់ដោយឥតគិតថ្លៃដោយអាករជាបន្ទុករបស់រដ្ឋ»។ សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីតម្លៃសេវាលិខិតឆ្លងដែន​ធម្មតានៅពេល​នេះ ដោយសារតែនៅស្ថានភាព នៅពេលនេះ អាជ្ញាធរថៃ បាននិងកំពុងចាប់បញ្ជូនពលករខែ្មរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានរកឃើញថា ពលករខ្មែរទាំងនោះ ពុំមាន​ឯកសារគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ​។

ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាកសិករ ត្រៀមទឹកទុកក្នុងស្រែឲ្យបានល្អ ខណៈចុងខែកក្កដា និងដើមខែសីហា អាចនឹងកើតមានកូនរដូវប្រាំង ដែលនាំឲ្យភ្លៀងធ្លាក់តិចតួច

FN ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ បានអំពាវនាវឲ្យប្រជាកសិករនៅតាមបណ្ដាខេត្ត ត្រៀមទឹកទុកក្នុងស្រែឲ្យបានល្អ ដោយសារតែនៅចុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០១៧ (រយៈប្រមាណ២សប្តាហ៍) អាចនឹងកើតមានកូនរដូវប្រាំង ដែលធ្វើឲ្យ​មានភ្លៀងធ្លាក់តិច ពិសេសតាមបណ្ដារាជធានី-ខេត្ត ដែលនៅក្រោយជួរភ្នំក្រវាញ ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់បន្ថែមថា ក្រសួងចង់ឲ្យបងប្អូនកសិករ​ជួយទប់ភ្លឺស្រែឲ្យបានល្អ នៅអំឡុងចាប់ពីសប្តាហ៍ទី៣ទៅ ពីព្រោះចូលសប្តាហ៍ទី៤ ក្នុងខែកក្កដានេះ និងនៅសប្តាហ៍ទី១ ក្នុងខែសីហា ពីព្រោះប្រទេសកម្ពុជារបស់យើង នឹងមានកូនរដូវប្រាំងដែលនាំភ្លៀងធ្លាក់តិចតួច ដូច្នេះបើបងប្អូននាំគ្នាកាប់ភ្លឺស្រែដើម្បីបង្ហូរទឹក នោះអាចជួបបញ្ហាប្រឈមខ្វះទឹកសម្រាប់បង្កបង្កើនផល។ តែយ៉ាងណាក៏ដោយលោក ចាន់ យុត្ថា បានបញ្ជាក់ថា ស្ថានភាពបែបនេះអាចកើតឡើងតែ២សប្តាហ៍តែប៉ុណ្ណោះ នៅតាមរាជធានី-ខេត្ត មួយចំនួនដូចដែលក្រសួង បានប្រកាសឲ្យដឹងនោះ៕