បញ្ជាឱ្យបិទកាស៉ីណូ និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន

FN ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានចេញលិខិតបញ្ជាឱ្យអភិបាលស្រុកកោះធំបិទកាស៉ីណូចំនួន ៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំនេះ។ ក្នុងលិខិតរបស់អភិបាលខេត្តកណ្ដាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានណែនាំដូចខាងក្រោម៖ ១៖ បិទជាបណ្តោះអាសន្ននូវការស៉ីណូចំនួន ៦កន្លែង រួមមាន៖ កាស៉ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៉ីណូប៊ីន កាស៉ីណូក្រោន កាស៉ីណូហ្គេន កាស៉ីណូកាឡាក់ស៊ី និងកាស៉ីណូយុងយ័ន។ ២៖ បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។ ៣៖ ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ យកមកធ្វើតេស្តសំណាកឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។ ៤៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការណែនាំបន្ថែម លើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕

ផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្ន សម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស នៅខេត្តព្រៃវែង កំពង់ចាម កោះកុង

FN ៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពេលព្រឹត្តិការណ៍សហគមន៍ -២០កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ទាំងអស់ ជាបណ្តោះ អាសន្ន នៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា គ្រប់គ្រឹះស្ថានទាំងអស់អាចបន្តដំណើរការសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ (ONLINE) បាន៕

ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកពាមរក៍ ខេត្តព្រៃវែង

FN ៖ ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន នៅស្រុកពាមរក៍ខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ ក្រសួងបានបញ្ជាក់ទៀតថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកពាមរក៍ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតាអ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕