ផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្ន សម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស នៅខេត្តព្រៃវែង កំពង់ចាម កោះកុង

FN ៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពេលព្រឹត្តិការណ៍សហគមន៍ -២០កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ទាំងអស់ ជាបណ្តោះ អាសន្ន នៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា គ្រប់គ្រឹះស្ថានទាំងអស់អាចបន្តដំណើរការសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ (ONLINE) បាន៕

ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកពាមរក៍ ខេត្តព្រៃវែង

FN ៖ ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន នៅស្រុកពាមរក៍ខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ ក្រសួងបានបញ្ជាក់ទៀតថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកពាមរក៍ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតាអ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

បុគ្គលិកកន្លែងម៉ាស្សា «ឡេស៍រីឡេកស្ប៉ា» ៣នាក់វិជ្ជមានកូវីដ១៩! ក្រសួងសុខាភិបាល ប្រកាសឱ្យអ្នកធ្លាប់ទៅកន្លែងនេះ ប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក

FN ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បុគ្គលិកបម្រើការងារនៅកន្លែងម៉ាស្សា «ឡេស៍រីឡេកស្ប៉ា» ចំនួន ៣នាក់ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩។ ក្រសួងបានអំពាវនាវដល់អ្នកធ្លាប់ទៅរកសេវានៅកន្លែងម៉ាស្សាទាំង៣ទីតាំង នៅសង្កាត់បឹងកេងកង១ និងសង្កាត់ទន្លេបាសាក់ ប្រញាប់ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានឱ្យតដឹងថា មានស្ត្រីជនជាតិចិនវិជ្ជមានជំងឺកូវីដ១៩ម្នាក់ ធ្លាប់បានទៅហាងម៉ាស្សាឈ្មោះ «ឡេសំរីឡែកភ្លៅ (Let’s Relex Spa)» ស្ថិតនៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។ ក្រសួងបានគូសបញ្ជាក់ថា ការយកវត្ថុសំណាកលើកទី២ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លទ្ធផលវិភាគមន្ទីរពិសោធន៍បានបង្ហាញថា មានករណីវិជ្ជមាន វីរុសកូវីដ-១៩ លើបុគ្គលិកហាងម៉ាស្សានេះ ចំនួន ០៣នាក់។ ក្រសួងបានអះអាងថា កន្លែងម៉ាស្សាទាំង៣ទីតាំង សុទ្ធតែជាប់ពាក់ព័ន្ធនឹងការកើតជំងឺកូវីដ១៩។ ដូច្នេះអតិថិជនដែលបានប្រើប្រាស់សេវានៅទីតាំងទាំង៣កន្លែងខាងលើ មានភាពស្មោះត្រង់មកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្តាច់បាននូវការចម្លងវីរុសកូវីដ- ១៩ នៅក្នុងសហគមន៍យើងបានទាន់ពេលវេលា បញ្ចៀសបាននូវគ្រោះថ្នាក់នៃការរាតត្បាតលក្ខណៈធំធេងនៅរាជធានីភ្នំពេញ និង នៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា។…