លោក ហ៊ុន ម៉ាណែត៖ វិស័យសាសនានៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង នៅក្រោមដំបូលសន្តិភាព ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

FN ៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យសាសនានៅប្រទេសកម្ពុជាសព្វថ្ងៃ​ មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលសន្តិភាពដែលកម្ពុជាទទួលបាន នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យសាសនាទាំងអស់រស់នៅ ដោយសុខសប្បាយ មិនឈ្លោះទាស់តែងគ្នាដូចប្រទេសមួយចំនួន នៅលើពិភពលោក។ ទាំងនេះ​បានកើតចេញ ពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាននាំនាវាកម្ពុជា ពីគ្មានសាសនាឲ្យមានសាសនាយ៉ាងច្រើននៅកម្ពុជា។ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញធ្វើជាក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវវិហារឥស្លាម អាល់មូហាជីរីន ស្ថិតនៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា ការចូលរួមនៅក្នុងវិស័យសាសនា គឺជាការបង្ហាញពីការរីកលូតលាស់ ខាងវិស័យសាសនាក្រោមដំបូលសន្តិភាពដែលធ្វើឱ្យមនុស្ស ធ្វើអំពើល្អ ស្រឡាញ់រាប់អានគ្នាដែលនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើសាសនាផ្សេងៗនេះ គឺជាជោគសំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់គ្នាមិនរើសអើងគ្នា ហើយចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា។…