ជោគជ័យរបស់កម្ពុជា ! នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា គិតត្រឹមម៉ោង៤រសៀលនេះ កងទ័ពឡាវទាំងអស់បានដកចេញពីទឹកដីកម្ពុជាហើយ

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោងប្រមាណ៤៖០០នាទីរសៀលថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០១៧នេះ ភាគីឡាវបានដកកងទ័ព (កងទី៤) របស់ខ្លួន ចេញពីទឹកដីកម្ពុជារួចអស់ហើយ ពោលមានន័យថា នៅពេលនេះកងទ័ពរបស់ឡាវ មិនមាននៅលើទឹកដីកម្ពុជាទៀតទេ។​ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោង៤រសៀលថ្ងៃនេះ កងទ័ពឡាវបានដកចេញអស់ហើយ នៅលើភូមិសាស្ដ្រដែលកងទ័ពឡាវ មិនមាននៅសេសល់ទៀតទេ, កងទ័ពឡាវបានដកចេញម្តងមួយកងៗ រហូតដល់ពេលនេះកងទី៤ហើយ»។ ការដកចេញកងទី៤របស់ឡាវ នៅពេលនេះស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ នៅវេលាម៉ោងប្រមាណជិត៤រសៀលថ្ងៃសៅរ៍នេះ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការចរចា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់កងទ័ព និងប្រជាជនកម្ពុជាថា នាយករដ្ឋមន្រ្តីឡាវ បានយល់ព្រមដកកងទ័ព របស់ខ្លួន ចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ៕

អ្នកនាំពាក្យការពារជាតិ៖ កងទ័ពកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខជាមួយភាគីឡាវ ដោយរង់ចាំតែបទបញ្ជាប៉ុណ្ណោះ

FN ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះថា កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រឈមមុខតទល់ជាមួយភាគីឡាវ ដោយរង់ចាំបទបញ្ជាពីថ្នាក់កំពូលតែប៉ុណ្ណោះ។ ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសានវាទចំនួន៦ថ្ងៃ ពោលគឺត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ប៉ុណ្ណោះ ដើម្បីឱ្យកងទ័ពឡាវ ដកខ្លួនចេញពីចំណុចព្រំដែន លើដឹកដីកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ដែលកងទ័ពទាំងនោះ បានមករារាំង ដល់ការធ្វើផ្លូវក្រវ៉ាត់ព្រំដែនរបស់កម្ពុជា។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចការពារទឹកដីកម្ពុជា មិនឱ្យបាត់បង់។ កងយោធពលខេមរភូមិន្ទ សូមរកក្សាសិទ្ធិការពារនូវបូរណភាពទឹកដីរបស់ខ្លួន ហើយប្រឆាំងដាច់ខាតនូវការរំលោភពបំពានណាមួយមកលើទឹកដីកម្ពុជា។ សូមបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មក យោធាកម្ពុជា និងឡាវ ធ្លាប់បានប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ភាគីកម្ពុជា ដែលឈូសឆាយដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រងប្រទេសកម្ពុជា។ ប៉ុន្តែការប្រឈមមុខគ្នានេះ បានស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលដោយភាគីទាំងពីរនៅតំបន់នោះ។…

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី​៥​ ជូនដល់សមាគមរស្មីកុមារកម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី ១១​ ខែសីហា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ អាហារ​មួយពេល​ និងថវិកាមួយចំនួន ជូនដល់សមាគមរស្មីកុមារកម្ពុជា ដែលមានកុមារកំព្រា​ កុមារក្រីក្រ​ សិស្សស្នាក់នៅក្នុង-ក្រៅសមាគម​ និងគ្រូ-បុគ្គលិក​ សរុបចំនួន​ ១១៧នាក់​ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសសំណេះសំណាល​ និងប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ និងសូមឱ្យកុមារ សិស្ស-និស្សិតទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ រៀនសូត្រ វិជ្ជាជីវៈ​ នៅក្នុងសមាគម​នេះ ត្រូវចេះស្រឡាញ់គ្នា​ សាមគ្គីគ្នា​ និងចេះជួយយកអាសារគ្នាទៅវិញទៅ-មក​ ដូចពាក្យចាស់ថា​ «នៅផ្ទះម្តាយទីទៃ​ នៅព្រៃម្តាយតែមួយ»។​…